(តាកែវ)៖ លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរតែងតាំង លោក ជីវ ចាន់តារា ជាព្រះរាជអាជ្ញាខេត្តតាកែវ ជំនួសលោក ច្រឹង ខ្មៅ វិញ ដោយមានការចូលរួមពីមន្រ្តីរាជការពាក់ព័ន្ធជាច្រើន។

ការប្រកាសតែងតាំងព្រះរាជអាជ្ញាថ្មី ក្នុងខេត្តតាកែវនេះ បានធ្វើឡើងបន្ទាប់ពី ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងផ្ទេរមុខដំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន៣១រូប និងព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខដំណែង ប្រធាន-អនុប្រធាន ចៅក្រមសាលាដំបូងរាជធានី-ខេត្តចំនួន៥៤រូប កាលពីពេលថ្មីៗនេះ៕