(កណ្ដាល)៖ ខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្ម ឥន្ទ្រានិម្មិត មានចំណងជើងថា «សសរកន្លោង» ដែលជាវណ្ណកម្មទី២របស់ខ្លួន បន្ទាប់ពីស្នាដៃទី១ គឺរឿង «កំណត់ហេតុនាងនាថ» ទទួលបានជោគជ័យ ពេលដាក់បញ្ចាំងរួចមក។ ពិធីក្រុងពាលីថតជាផ្លូវការនេះ បានរៀបចំឡើង នៅព្រឹកថ្ងៃ០៦ ខែមីនា ឆ្នាំ២០១៧នេះ នៅលើទឹកដីដ៏សក្តិសិទ្ធិ នៃឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយក្នុងនោះ មានតារាសម្ដែង ថៅកែផលិតកម្ម និងផលិតករ ចូលរួមជាច្រើននាក់។

លោក ចាន់ណា រ៉ូណាន ម្ចាស់ផលិតកម្ម ឥន្ទ្រានិម្មិត និងផលិតករ បានថ្លែងឲ្យដឹងថា តំបន់វិហារសួគ៌នេះ យើងបានមកក្រុងពាលីរឿងតាំងពីដំបូងមក និងជាកន្លែងប្រកបដោយបារមី និងជំនឿរបស់ខ្មែរយើង ដោយយើងមិនអាចចោលបាន។ រឿង «សសរកន្លោង» នេះផ្តោតលើភាពកំប្លែង និងភាពភ័យរន្ធត់ខ្លាចលើស «កំណត់ហេតុនាងនាថ» ខ្លាំងបំផុត ដែលប្រិយមិត្តពិតជាខ្លាច លើសដើម។

លោកបន្តថាស្នាដៃទី២របស់ឥន្រ្ទានិម្មិតនេះ ចំណាយដើមទុនជាង៧ម៉ឺនដុល្លារ ដោយចេញថតរយៈពេល២ខែគត់។ យ៉ាងណាខាងក្រុមការងារ និងលៃលករកពេលបញ្ចាំង ក្នុងឆ្នាំ២០១៧នេះឲ្យទាល់តែបាន តាមការទន្ទឹងរង់ចាំរបស់ទស្សនិជន ព្រោះគ្រាន់តែលោកផុសរូបខ្មោច លើហ្វេសបុកមានអ្នកភ្ញាក់ផ្អើលរួចទៅហើយ។

ការនាំតារានិងក្រុមការងាររបស់ផលិតកម្មឥន្រ្ទានិម្មិត នៅលើតំបន់ស័ក្តិសិទ្ធិរបស់វត្តវិហារសួគ៌ ព្រោះរំពឹងថា បារមីនៅវត្តវិហារសួគ៌ និងជួយឃុំគ្រងថែរក្សាកូនចៅ និងក្រុមការងារបានសេចក្តីសុខ ហើយការថតរឿងថ្មីនេះឲ្យទទួលបានជោគជ័យ និងដឹងគុណបារមីវត្តវិហារសួគ៌ ដែលជាវត្តមួយមានភាពល្បីល្បាញ ចំពោះប្រជាជនកម្ពុជា ផងដែរ។ រឿង«សសរកន្លោង» របស់ផលិតកម្មឥន្ទ្រានិម្មិត កំពុងតែទទួលបានការទាក់ទាញ ពីសំណាក់យុវវ័យក៏ដូចជាទស្សនិកជនទូទៅ ក្រោយទទួលស្គាល់ថា ផលិតកម្មនេះធ្វើបានល្អ ចំពោះស្នាដៃទី១ មានគុណភាព និងក្លាយជាផលិតកម្មល្បីជាងគេ ក្រោយរឿង «កំណត់ហេតុបាងនាថ»លេចធ្លោនៅដើមឆ្នាំ២០១៧នេះ៕