(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់ទីស្នាក់ការថ្មី ប្រចាំនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជា ច្រើនរូបទៀតផងដែរ។

ថ្លែងនៅក្នុងពិធីនេះ​ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ទាំងកម្លាំង កាយចិត្ត របស់គណៈកម្មាធិការ សាខាគណៈកម្មការ អនុសាខាក្រុង ស្រុក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តយុវជន​កាកបាទក្រហម ដែលបានសាមគ្គីពួតដៃគ្នា ជម្នះរាល់ការលំបាកសព្វបែបយ៉ាង ដោយមិនគិតពីការនឿយហាត់ក្នុងការចូលរួមអនុវត្តន៍
លើវិស័យស្នូលទាំងបួនប្រកបដោយភាពជោគជ័យ។

លោកបានបន្ថែមទៀតថា ពិធីក្រុងពាលី និងបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់អគារ ដែលមានទំហំ ២០ម៉ែត គុណ ១៨ម៉ែតនាពេលនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំប្រកបដោយគុណតម្លៃ ជាក្បាលម៉ាស៊ីនដឹកនាំវិស័យការងារ មនុស្សធម៌​នៅក្នុងខេត្ត។

លោកក៏បានអំពាវនាវដល់ លោក លោកស្រី មន្រ្តីរាជការ សប្បុរសធម៌គ្រប់មជ្ឈដ្ឋាន បងប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រ និងលើកស្ទួយវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទាំងអស់គ្នាផងដែរ។

ជាមួយគ្នានោះ លោកស្រី ឃួន ឃុនឌី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានលើកឡើងថា បុព្វហេតុនៃការសាងសង់អគារកាកបាទក្រហមថ្មីនេះ ឡើងដោយសារតែត្រូវការ នៃការបង្ការនៃគ្រោះមហន្តរាយធម្មជាតិ ជំងឺរ៉ាតត្បាត ឧបទ្ទវហេតុ គ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ដែលជាកត្តាជះឥទ្ធិពល ដល់ជីវភាពរស់នៅ សុខភាពរបស់ប្រជាពលរដ្ឋ ក្នុងសកម្មភាព ការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន ដោយមានការចូលរួមឧត្ថម្ភគាំទ្រពីកាកបាទក្រហមកម្ពុជា, ឥស្សរជន, ព្រះសង្ឃ, សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងដៃគូរនានា ដើម្បីលើកស្ទួយ ក៏ដូចជាការអភិវឌ្ឍខេត្តកំពង់ធំ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំប្រទេសព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្នុងសកម្មភាពមនុស្ស​ធម៌ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងគោលបំណងជួយជួយជនរងគ្រោះ និងជនងាយរងគ្រោះនោះ៕