(ពោធិ៍សាត់)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំប្រតិភូ ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនដល់បងប្អូននារី និងជនដែលជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន ៤៥៧នាក់ ដើម្បីរំលឹកដល់ខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា។
បន្ទាប់ពីមានសុទ្ទរកថាស្វាគមន៍ របស់លោក ពេជ ហន អភិបាលរងខេត្ត និងមតិសាកសួរសុខទុក្ខ របស់លោក ជេត លី សកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញរួចមក លោក កែវ រ៉េមី ក៏បានថ្លែងមតិសំណេះសំណាល ដល់ស្ត្រីដែលជាប់ឃុំ និងជនជាប់ឃុំជាច្រើននាក់ទៀតផងដែរ។ លោកប្រធានគណៈកម្មាធិការ បានថ្លែងថា ស្ថានភាពអ្នកជាប់ឃុំ នៅពន្ធនាគារខេត្តពោធិ៍សាត់ គឺមានលក្ខណៈល្អប្រសើរ ទាំងការស្នាក់នៅ ក៏ដូចជាការហូបចុក។ ថ្នាក់ដឹកនាំខេត្ត ក៏បានយកចិត្តទុក្ខដាក់ និងសហការល្អ ជាពិសេស ប្រធាន និងមន្ទីរពន្ធនាគារ មានការយកចិត្តទុក្ខដាក់ដល់អ្នកជាប់ឃុំ និងមានទីធ្លាល្អ បរិយាកាសល្អ មានដាំបន្លែ និងបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗ ដូចជាធ្វើតុទូ រោងជាង កាត់ដេរជាដើម។
លោកប្រធានគណៈកម្មាធិការបានបន្តថា នៅពេលដែលបងប្អូនចេញពីពន្ធនាគារ ត្រឡប់ទៅលំនៅដ្ឋានវិញ ត្រូវចេះកែប្រែខ្លួន ប្រព្រឹត្តអំពើល្អ ដើម្បីជាប្រយោជន៍ដល់សង្គម និងកុំប្រព្រឹត្តអ្វីដែលត្រូវវិលត្រឡប់មកពន្ធនាគារជាលើកទីពីរ។
នៅក្នុងឱកាសនោះ ក៏មានការចែកគ្រឿងឧបភោគបរិភោគ ដល់ជនជាប់ឃុំចំនួន ៤៥៧នាក់ ចំពោះស្ត្រីបានបន្ថែមនូវប្រដាប់ប្រដាតុបតែងខ្លួន ដូចជាម្សៅ ទឹកអប់ជាដើម៕