(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព»។
ទិវាអន្តរជាតិនារី ៨មីនា នេះ ធ្វើឡើងក្រោមអធិបតី លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានបញ្ជ្រាបអំពីគោលនយោបាយសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាល ជូនដល់មន្រ្តីរាជការក្នុងក្របខណ្ឌក្រសួង ផងដែរ ដែលមានការចូលរួមពីមន្រ្តីរាជការបុរសស្ដ្រីយ៉ាងច្រើនកុះករ ក្នុងគោលបំណងរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រ និងជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្ដី ក៏ដូចជាសុខមាលភាពសង្គម។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្រសួងការងារ បានផ្តោតការយកចិត្តទុកដាក់លើកកម្ពស់ និងផ្តល់កាលានុវត្តភាពឲ្យដល់មន្រ្តីនារីក្នុងក្រសួងនៅគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមធ្វើសេចក្តីសម្រេច លើកិច្ចការជាយុទ្ធសាស្រ្តទាំងឡាយរបស់ក្រសួង ទាំងនៅថ្នាក់កណ្តាល និងនៅថ្នាក់មូលដ្ឋានរាជធានី-ខេត្ត។
លោកបានបន្តថា គិតដល់បច្ចុប្បន្ននេះ ក្រសួងការងារមានមន្រ្តីរាជការសរុបចំនួន ៤,០៤៥នាក់ (ស្រី៩៤៧នាក់) ថ្នាក់កណ្តាលសរុប ចំនួន២,៦០៣នាក់ (ស្រី៦០៦នាក់) ថ្នាក់រាជធានី-ខេត្តសរុបចំនួន ១,៤៤២នាក់ (ស្រី៣៤១នាក់) ក្នុងនោះថ្នាក់ដឹកនាំជាស្រ្តី រួមមាន៖ ថ្នាក់រដ្ឋលេខាធិការ២រូប ថ្នាក់អនុរដ្ឋលេខាធិការ២រូប អគ្គនាយក៣រូប អគ្គនាយករង៧រូប ប្រធាននាយកដ្ឋាន៨រូប អនុប្រធាននាយកដ្ឋាន៤០រូប អនុប្រធានមន្ទីរ៩រូប នាយកវិទ្យាស្ថាន២រូប នាយករងវិទ្យាស្ថាន៥រូប។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី មានគោលនយោបាយ និងយុទ្ធសាស្រ្តចែងច្បាស់ អំពីការលើកកម្ពស់សមភាពយេនឌ័រ និងអនុវត្តន៍ដោយគ្រប់ក្រសួង-ស្ថាប័ន ដើម្បីឱ្យស្រ្តីទទួលបានលទ្ធផល និងគ្រប់គ្រងធនធានរបស់ខ្លួន។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ព្រមទាំងបានលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌របស់ប្រជាពលរដ្ឋ ដោយបានបង្កើតគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាប្រធានកិត្តិយស ក្នុងការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ រួមទាំងប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា។
ក្រសួងការងារ បានយកចិត្តទុកដាក់បញ្ជ្រាបយេនឌ័រទៅក្នុង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨» ក្នុងចំណុចទី៦ នៃអភិបាលកិច្ចល្អ តាមរយៈគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ និងក្រុមការងារយេឌ័ររបស់ក្រសួង ដោយបានអនុវត្តនូវសកម្មភាពសំខាន់ៗ ក្នុងន័យលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យការងារ បានបង្កើនឱកាសការងារសមស្រប និងការងារ ដែលមានប្រាក់កម្រៃទាំងក្នុងស្រុក និងក្រៅស្រុកដល់ស្រ្តី ជាពិសេសស្ត្រីនៅតាមជនបទដោយផ្សព្វផ្សាយព័ត៌មាន ទីផ្សារការងារ សេវាពិគ្រោះយោបល់និងតម្រង់ទិសវិជ្ជាជីវៈដល់ស្ត្រីនៅលើទីផ្សារពលកម្ម ជាពិសេសស្ត្រីវ័យក្មេង និងស្ត្រីជនបទ បង្កើនការចូលរួមរបស់ស្ត្រីក្នុងការ អភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតជាពិសេសលើស្ត្រីក្រីក្រ ដែលងាយរងគ្រោះ បង្កើនការចូលរួមរបស់ស្ត្រីក្នុងការបង្រៀន និងការធ្វើសេចក្តីសម្រេចក្នុងគ្រឹះស្ថានអប់រំ។
ក្រសួងការងារក៏បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយសមភាពយេនឌ័រ និងយុវភាវូបនីយកម្ម តាមរយៈការប្រឡងជ្រើសរើសមន្ត្រីរាជការ និងបើកវគ្គបណ្តុះបណ្តាលជំនាញ រយៈពេលខ្លី មធ្យម និងវែង ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ ចំពោះមុខនៃការវិវត្តរីកចម្រើន ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដើម្បីលើកកម្ពស់សមត្ថភាព និងដំឡើងតួនាទីសមស្របដល់មន្ត្រីរាជការជាស្រ្តី ទៅតាមឋានានុក្រម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយអនុសញ្ញា CEDAW អនុសញ្ញាអង្គការអន្តរជាតិខាងការងារ ស្តីពីសមភាព និងភាពមិនរើសអើង ពិធីសារតាមជម្រើសនិង អនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕