(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប្រជាការពារ តាមបញ្ជារបស់ លោក តន់ សីហតេជ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានចុះស្ទាក់ឃាត់ចាប់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីដេញក្របីរបស់ប្រជាពលរដ្ឋ ៧ក្បាល ឡើងរថយន្តរួចយកទៅលក់ដោយគ្មានលិខិតទិញលក់ត្រឹមត្រូវ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលំ ត្រង់ចំណុចយាយស៊ូ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមានឈ្មោះ ហួត កូម៉ែន អាយុ៣៩ឆ្នាំ ជាអ្នកបើកបរ និងឈ្មោះ នួរ ធា អាយុ៣៣ឆ្នាំ ជាព្រូរថយន្ត ទាំង២នាក់ បច្ចុប្បន្នរស់នៅភូមិព្រែកក្តី ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់រថយន្ត ១គ្រឿង ម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3B-6816 ដឹកសត្វក្របីឈ្មោល ២ក្បាល និងញី៥ក្បាល។
បើតាមចម្លើយសារភាពពីជនសង្ស័យ ពួកគេស៊ីឈ្លួលដឹកជញ្ជូនសត្វក្របីទាំង៧ក្បាលនេះ ចេញពីចំណុចភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ក្នុងគោលបំណងយកទៅទម្លាក់ចុះ នៅម្តុំភូមិដងទឹកលាជ ឃុំត្នោតជុំ ស្រុកក្រគរ ក្នុងតម្លៃ ២០០,០០០រៀល ឲ្យម្ចាស់ឈ្មោះ ឆូយ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕