(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សាលាឧទ្ធរណ៍ កំពុងបើកសវនាការជំនុំជម្រះ ជុំវិញពាក្យប្តឹងរបស់មេធាវី លោក គឹម សុខ ដែលបានប្តឹងជំទាស់ នឹងដីការបស់ តុលាការក្រុងភ្នំពេញ ដែលសម្រេចឱ្យឃុំខ្លួន លោក គឹម សុខ។ នេះបើតាមការបញ្ជាក់មន្រ្តីសាលាឧទ្ធរណ៍។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះដែរ ក៏បានសម្រេចមិនអនុញ្ញាតឱ្យ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ នៅក្រៅឃុំនោះទេ ពោលគឺបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល។ ប៉ុន្តែមេធាវីការពារក្តីលោក គឹម សុខ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ដែរ។
គួរបញ្ជាក់ថា លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងករណីចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់ លោកបណ្ឌិតកែម ឡី។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួន លោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕