(ព្រះសីហនុ)៖ ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី៤-៥-៦ ខែមីនា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ដកហូតថ្នាំញៀនចំនួន ៣កញ្ចប់ និងវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីទី១.ឃាត់ខ្លួនជនសង្ស័យ១នាក់ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ឈ្មោះ យួន នី អាយុ២៤ឆ្នាំ ដកហូតបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន ១កញ្ចប់តូច ទូរស័ព្ទដៃ១គ្រឿង។
ករណីទី២.ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ នៅចំណុចក្រុម១០ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដកហូតថ្នាំញៀនមេតំហ្វេតាមីន ១កញ្ចប់ធំ ទូរស័ព្ទដៃ៣គ្រឿង និងប្រាក់១០៥ដុល្លារ។
ករណីទី៣.ឃាត់ជនសង្ស័យចំនួន៣នាក់ (ស្រីម្នាក់)៖ ១.ឈ្មោះ ខន សួរ ហៅសម្បត្តិ, ២.ឈ្មោះ សោម ស៊ីនួន ភេទស្រី, ៣.ឈ្មោះ រិទ្ធ ឆក ដកហូតបានថ្នាំញៀន ១កញ្ចប់ ទូរស័ព្ទ៣គ្រឿង និងវត្ថុតាងមួយចំនួនទៀត នៅចំណុចក្រុម១៦ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅបន្តនីតិវិធី នៅសាលាដំបូងខេត្តព្រះសីហនុ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕