(ស្វាយរៀង)៖ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន ក្រោលគោ ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលាជាង៧០០នាក់។
លោក ណាល់ វិចិត្រ បានឲ្យដឹងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារនៅពេលនេះ មានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥រាជធានី-ខេត្ត ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
លោក ណាល់ វិចិត្រ បានបន្តថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចម្បង នៃភាពរស់រាននៃជីវិត។
កត្តាដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតមានក្នុងចំណីអាហារ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មានជាអាទិ៍ ដូចជា ពពួកអតិសុខុមប្រាណ, សារធាតុគីមីខុសច្បាប់ ដែលលបលួចដាក់ក្នុងចំណីអាហារ, សំណល់ថ្នាំ ឬសារធាតុគីមីដែលនៅសល់ក្នុងសាច់ បន្លែ ផ្លែឈើ, សារធាតុពុលពីធម្មជាតិ, អង្គធាតុជារូបវ័ន្តមួយចំនួន។
ដោយឡែក លក្ខណ្ឌមួយចំនួនទៀត ដែលធ្វើឲ្យបាក់តេរីលូតលាស់ ក្នុងចំណីអាហារ និងបង្កបញ្ហាដល់សុខភាព មានដូចជា កម្រិត pH សំណើម សីត្ហភាព ពេលវេលា អុកស៊ីហ្សែន ជាដើមដូច្នេះមានកត្តាជាច្រើនដែលធ្វើឲ្យម្ហូបអាហារបាត់បង់គុណភាព និងសុវត្ថិភាព ដែលក្នុងនោះរួមបញ្ចូលទាំងកត្តាមនុស្ស ដែលជាអ្នកប្រើប្រាស់ផង។ ក្រុមការងារបានចែកផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន៦០០ផ្ទាំង ផងដែរ៕