(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា មិនមែនតែអ្នកនយោបាយស្រុកខ្មែរ ទាស់គ្នាទេ នៅអាមេរិក ក៏មានអ្នកនយោបាយចេះទាស់គ្នាដែរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ ក្រោយពេលដែលមានអ្នករិះគន់មួយចំនួន បានចោទជាសំណួរថា «ហេតុអ្វីបានជាអ្នកនយោបាយខ្មែរចេះតែទាស់គ្នានោះ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ពីសហរដ្ឋអាមេរិកថា អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មិនទាន់រួចខ្លួននៅឡើយទេ ដែលអាចប្រឈម និងការប្តឹងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រឿងលួចស្តាប់ការសន្ទនារបស់គាត់។ នេះក៏ជាបញ្ហារបស់អ្នកនយោបាយ នៅអាមេរិកដែរ ហេតុអ្វីបានជាអ្នកនយោបាយស្រុកខ្មែរទាស់គ្នាមិនបាន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ ចូលរួមជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត២៧គីឡូម៉ែត្រ ចំណាយថវិកា សាងសង់សរុបជាង៧០លានដុល្លារអាមេរិក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូម្បីតែស្រុកអាមេរិកក៏ដាក់ដែរ អាលូវដូណា ត្រាំ ប្រកាសចោទអូ ប៉ាម៉ាទៀតហើយ ល្អដែរស្រុកអាមេរិកម៉ានថ្ងៃហើយ ក្នុង១០០ថ្ងៃនៃអំណាចដូណាត្រាំ។ ចង់ដឹងថា ម៉េចបានគេទាស់គ្នា ម៉េចបានអ្នកនយោបាយទាស់គ្នា អាលូវទៅ សួរអាមេរិកទៅ អ្នកនយោបាយអាមេរិកចេះទាស់គ្នា ម៉េចថាអ្នកនយោបាយខ្មែរចេះតែទាស់គ្នា ចុះអ្នកនយោបាយអាមេរិកទាស់គ្នាម៉េចវិញ? ដើម្បី ប្រដៅពួកអុចអាល់ សម្រាប់ខ្ញុំនេះគឺថា ខ្ញុំមិនខឹងអ្នកដុតភ្លើង ខឹងអ្នកហួចហៅខ្យល់។ អាខ្លះចេញមក អ្នកនយោបាយខ្មែរ គិតតែទាស់គ្នា ចុះអ្នក នយោបាយអាមេរិកវាទាស់គ្នាដែរ ហើយម៉េចចុះ?»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា «ពីមុនពេលដែលប្រកាសលទ្ធផលបោះឆ្នោតកឹប អាមេរិកប្រឆាំងលទ្ធផលបោះឆ្នោតភ្លាម បង្រ្កាបចាប់រាប់រយរាប់ពាន់ ខាងសារព័ត៌មានមួយចំនួន សំភាសន៍ជាមួយ NGO ស្រុកខ្មែរ ថាតើបង្រ្កាបខុសច្បាប់អត់? តែធ្វើហ្នឹងត្រឹមត្រូវហើយ អត់រំលោភសិទ្ធិមនុស្សទេ ដើម្បីការពារ រក្សាសណ្តាប់ធ្នាប់នៅអាមេរិក ចឹងខ្ញុំក៏ឆ្លើយទៅវិញថា ខ្ញុំធ្វើពិមុនក៏មិនដែលខុសដែរ ដើម្បិស្ថេរភាពស្រុកខ្មែរ មានអីខុសគ្នា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទប់ស្កាត់ការធ្វើបាតុកម្មហិង្សានាពេលកន្លងមក គឺដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ របស់ប្រទេសកម្ពុជា ដែលមិនខុសពីសហរដ្ឋអាមេរិកនោះឡើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖