(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ បានប្រកាសយ៉ាងដាច់ខាតម្តងទៀតថា សម្តេចនឹងមិនស្នើសុំឱ្យ លើកលែងទោសដល់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិនោះទេ ក្រោយពេលសង្កេតឃើញថា ទណ្ឌិតរូបនេះ នៅតែបន្តវាយប្រហារលើរាជរដ្ឋាភិបាល។
ការប្រកាសជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ដែលផ្លូវទាំងពីរកំណាត់នេះមានប្រវែងសរុបជិត២៧គីឡូម៉ែត្រ។
ការប្រកាសជំហរនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានខឹងសម្បារជាមួយ លោក សម រង្ស៊ី ដែលបានថ្លែងថា រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ត្រូវចេញលុយសងបំណុលជំនួសឱ្យប្រជាពលរដ្ឋទាំងអស់ ដែលបានជំពាក់មីក្រូហិរញ្ញវត្ថុ ហើយពុំមានលទ្ធភាពសង។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នៅលើពិភពលោកនេះ មិនមានច្បាប់ណាមួយ ដែលតម្រូវឱ្យរដ្ឋាភិបាលធ្វើបែបនោះ ដូចការលើកឡើងរបស់ លោក សម រង្ស៊ី ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «វាឈប់ធ្វើនយោបាយហើយ វានៅតែស្រែកមកទៀត។ មកឱ្យរដ្ឋចេញមុខសងជំនួស។ វាទៅជាចង្រៃអញ្ចឹងអាមនុស្សចង្រៃហ្នឹង វាហួសហេតុពេកដែលថាឱ្យ លោក ហ៊ុន សែន ចេញមុខសងលុយជំនួសប្រជាជន។ ប្រជាជនទៅខ្ចី មីក្រូហិរញ្ញវត្ថុ ឱ្យឯងទៅសង។ មើល៍តើច្បាប់ស្រុកណាគេឱ្យធ្វើអញ្ចឹង ! អានេះពិតជាមនុស្សអាក្រក់មែនតែម្តង អញ្ចឹងបានថា ឆ្នាំងណាគ្របហ្នឹង ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះទេ»។
សម្តេចបានបន្ថែមទៀតថា «រស់នៅមិនសុខនឹងគេនឹងឯងទេ ចាកចេញទៅហើយ នៅតែវិលវល់ៗ មិនប្រកាច់នៅឱ្យស្ងៀមសិនមើល៍ ក្រែងល៎ថ្ងៃក្រោយគេនឹងឃើញអី ប៉ុន្តែមិនទេ...អាមួយហ្នឹងមិន(លើកលែងទោសឱ្យ)ទេ... កុំសូវពេក»។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម។ លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយបិទផ្លូវតវ៉ា ពាក់ព័ន្ធនឹងការចោទប្រកាន់ លើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយអតីតមេដឹកនាំបក្សប្រឆាំងនេះ ក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំផងដែរ ពាក់ព័ន្ធនឹងសំណុំរឿងបង្ហោះក្លែងឯកសារព្រំដែនផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖