(ត្បូងឃ្មុំ)៖ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំ នៅច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង បានធ្វើការចុះត្រួតពិនិត្យបន្លែ មានដូចជា ពពាយ ក្រូចឆ្មារ ខ្ទឹមក្រហម ការ៉ុត ប៉េងប៉ោះ ដំឡូងបារាំង ពោតបារាំង និងផ្លែឈើជាច្រើនមុខទៀត ដែលឈ្មួញបាននាំចូលពីប្រទេសវៀតណាម។
លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ ផ្អែកទៅលើការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹងនូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿងឧបភោគ-បរិភោគទាំងអស់ តាមច្រកទ្វារព្រំដែន ដើម្បីធានាសុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
លោកប្រធានបានបន្តថា ក្រោយការពិនិត្យលើបន្លែផ្លែឈើទាំងនោះ គឺមិនបានប្រទះឃើញបន្លែ ដែលសល់យូរ ស្អុយរលួយ ខូចគុណភាពនោះទេ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូល បានយកបន្លែជាគម្រូទាំងនោះ បញ្ជូនទៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យខូចសុខភាពអ្នកទទួលទានជាបន្តទៀត។
មន្រ្តីកាំកុងត្រូលក៏បានធ្វើការណែនាំ និងអំពាវនាវដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើ និងម្ហូបអាហារតាមច្រកត្រពាំងផ្លុង ពីប្រទេសវៀតណាទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺការនាំចូលទំនិញជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អ ហាមដាច់ខាតមិនឲ្យមានការនាំចូលបន្លែ ផ្លែឈើ ដែលផ្ទុកនូវសារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់នោះឡើយ៕