(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសប្រជាធិបតេយ្យ មានគណបក្សនយោបាយច្រើន ហើយសម្តេចព្រមានកុំឱ្យគណបក្សនយោបាយនានា តាំងខ្លួនឯងជាតួឯកតទៅទៀត។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត២៧គីឡូម៉ែត្រ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ការចុះឈ្មោះបោះឆ្នោត បិទបញ្ចប់នៅថ្ងៃនេះដូចជាមាន១២គណបក្ស។ អញ្ចឹងគណបក្សនយោបាយនានា កុំតាំងខ្លួនជាតួឯក។ មិនមែនមានតែបក្សមួយទេ បក្សទាំងអស់១២គណបក្ស ទោះជាអត់មួយ ក៏អត់មានបញ្ហា។ កុំអាងអីឡើង ពហិកា កុំអាងអីឡើងធ្វើអញ្ចេះធ្វើអញ្ចុះ»។
សម្តេចតេជោ បានបន្ថែមទៀតថា «ប្រជាធិបតេយ្យនៅស្រុកខ្មែរ មិនមែនមានតែបក្ស២នោះទេ គឺ១២គណបក្ស អញ្ចឹងទៅប្រកួតប្រជែងគ្នាទៅ ហើយកុំដើរភូត និយាយឱ្យត្រឹមត្រូវ ជាពិសេសមីក្រូហិរញ្ញវត្ថុ មិនមែនជារបស់រដ្ឋនោះទេ ជារបស់ឯកជន។ អ្នកណាលុបបំណុល ត្រូវចាប់វ៉ៃខ្នោះនៅនឹងកន្លែង។ អ្នកឯងនិយាយរឿងលុបបំណុលយ៉ាងម៉េច គឺអត់មានទេ ត្រូវនិយាយគ្នាឱ្យច្បាស់ៗ»។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញប្រកាសថា រហូតដល់ពេលនេះ មានគណបក្សនយោបាយចំនួន១២ហើយ បានទៅចុះបញ្ជីឈ្មោះបក្ខជនរបស់ខ្លួន សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី០៤ ឆ្នាំ២០១៧។
គណបក្សនយោបាយទាំង១២ ដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនរួមមាន៖
១៖ គណបក្សប្រជាជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១៥៧០
២៖ គណបក្សសង្គ្រោះជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១៣៧២
៣៖ គណបក្សហ៊្វុនស៉ិនប៉ិច សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៨៧
៤៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន៥១៧
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១០១
៦៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៣
៧៖ គណបក្សខ្មែររួបរួមជាតិ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន២៦១
៨៖ គណបក្សសញ្ញាតិកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន១១
៩៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៥
១០៖ គណបក្សយុវជនកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៩
១១៖ គណបក្សអំណាចខ្មែរ សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៣
១២៖ គណបក្សជនជាតិដើម ប្រជាធិបតេយ្យកម្ពុជា សុំចុះបញ្ជីនៅក្នុងឃុំសង្កាត់ចំនួន០៣៕