(ភ្នំពេញ)៖ ថ្លែងខ្លាំងៗនៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ចំៗ ប្រាប់ទៅកាន់ដល់មន្រ្តីអង្គការក្រៅ រាជរដ្ឋាភិបាល (NGO) បើធ្វើនាជាមន្រ្តីអង្គការសង្គម គឺត្រូវឲ្យច្បាស់ជាមន្រ្តីអង្គការសង្គមស៊ីវិល កុំធ្វើការវិភាគលូកលាន់ក្នុងរឿងនយោបាយ។
សម្តេចតេជោបានថ្លែងរំលឹកថា ប្រសិនបើមន្រ្តី NGO ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
នៅក្នុងពិធីបើកការដ្ឋានសាងសង់នោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ចំៗយ៉ាងដូច្នេះថា៖ «អ្នកនយោបាយគេនិយាយគ្នា តាមអ្នកនយោបាយ អ្នកឯង NGO កុំមករញ៉ែរញ៉ៃ ស្អីសុទ្ធតែបង្កើត ប្រយ័ត្ន ស្រុកខ្មែរ កុំថាឲ្យតែអញធ្វើមេបក្ស គឺអញត្រូវតែមានសិទ្ធិ សិទ្ធិបានតែ សិទ្ធិប៉ះគេត្រូវហើយ ឲ្យតែអញធ្វើ អញ NGO មានសិទ្ធិ តែខុសគុកហើយ ឲ្យតែអញធ្វើអ្នកកាសែត អញមានសិទ្ធិ តែសិទ្ធិប៉ះគេគឺគុកហើយ ពីព្រោះអាហ្នឹងច្បាប់គេឲ្យជាប់គុក ជាប់ច្រវ៉ាក់បង់លុយតើ ចឹងលោកឯងម្នាក់ៗបង្កើត NGO បង្កើតអង្គការក្រៅរាជរដ្ឋាភិបាលទៅ ហើយដល់គេចាប់ថា គេបង្រ្កាប និយាយធ្វើអី ផ្តាំទុកឲ្យហើយ លោកឯងនេះដូចជាច្រើនដង ប្រយ័ត្នអស់ប៉ុន្មាន តែព្រហើនគឹប អ្នកដាក់គឹបហ្នឹងគឺច្បាប់អ្នកធ្វើមិនមែន ខ្ញុំអ្នកធ្វើទេ ឲ្យយល់កុំព្រហើនឲ្យសោះ នេះស្រុកខ្មែរ»។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា ប្រសិនបើមន្រ្តី NGO ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ អ្នកដទៃ នឹងត្រូវប្រឈមមុខ នឹងផ្លូវច្បាប់។ សម្តេចតេជោមានប្រសាសន៍បន្តថា នេះជាចំណាត់ការផ្នែកច្បាប់ មិនមែនជាចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះទំនងជាលើកឡើងពីលោក គល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel។ លោក គល់ បញ្ញា បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា ការធ្លាយចេញខ្សែអាត់សំឡេងបែបនេះមិនបង្ហាញពីភាពចាស់ទុំខាងសីលធម៌ និងនយោបាយទេ។ លោក គល់ បញ្ញា លោកថ្លែងប្រាប់សារព័ត៌មានថា៖ «គ្មានចំណេញទៅខាងណាទេ នេះគ្រាន់តែរឿងធ្វើឲ្យមានការសង្ស័យគ្នានៅក្នុងបក្សតែប៉ុណ្ណោះ តែមិនប្រាកដថា បានផលខាងនយោបាយទេ ព្រោះអ្នកប្រើប្រាស់ព័ត៌មានតាមបណ្ដាញសង្គមច្រើនណាស់ គេមានព័ត៌មានសម្រាប់ផ្ទៀងផ្ទាត់»។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖