(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគ្មានប្រទេសណាមួយអាចធ្វើជាចៅហ្វាយ របស់សម្តេចបាននោះឡើយរាប់ទាំង ប្រទេសវៀតណាម និងចិនផងដែរ ហើយអ្នកដែលអាចធ្វើចៅហ្វាយរបស់សម្តេចបាន គឺមានតែប្រជាជនកម្ពុជាប៉ុណ្ណោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគឺជាប្រជាជាតិមួយ ហើយសម្តេចគឺជានាយករដ្ឋមន្រ្តី នៅក្នុងប្រទេសមានអធិបតេយ្យមួយ ដែលមិនមាននរណាត្រួតត្រា ឬធ្វើជាចៅហ្វាយរបស់សម្តេចបាននោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ចាំតែធ្វើចៅហ្វាយ ហ៊ុន សែន តើ? នេះជាប្រជាជាតិមួយ ជានាយករដ្ឋមន្រ្តី នៃរដ្ឋអធិបតេយ្យ គ្មាននរណាត្រួតបាន ក្រៅពីប្រជាជនកម្ពុជាទេ កុំសូវពេក»។
ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តកម្ពុជា-ចិន កោះធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងស្នើផងដែរ កុំឲ្យប្រទេសចិន លូកដៃអន្តរាគមន៍រឿងផ្ទៃក្នុងរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ចិនគឺជាមិត្តភក្តិរបស់កម្ពុជា តែក៏មិនអាចលូកលាន់រឿង នយោបាយរបស់កម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ក៏បានឌៀមដាមឲ្យលោក កឹម សុខា និង សម រង្ស៊ី ផងដែរថា តែងតែចោទសម្តេចថា ជាអាយ៉ងរបស់អ្នកនេះ ឬ អាយ៉ងរបស់អ្នកនោះ តែទីបំផុតបានមកធ្វើអាយ៉ងរបស់សម្តេច និងតែងសុំអន្តរាគមន៍អ៊ីចេះ អ៊ីចុះ ពីសម្តេចជានិច្ច៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖