(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ថ្លែងថា កីឡាករត្រូវលេងលក្ខណៈជាក្រុម និងមានសាមគ្គីភាពពេលប្រកួតទើបទទួលបានជោគជ័យ។
ការថ្លែងដូច្នេះធ្វើឡើងគ្រាដែល ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅអគ្គសនងការនគរបាលជាតិ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ដើម្បីដណ្តើមបានពានរង្វាន់ទាមទារឲ្យកីឡាករម្នាក់ៗប្រឹង ក្រុមយើងប្រឹង អ្នកដឹកនាំប្រឹង គ្រូបង្វឹកប្រឹង និយាយជារួមប្រឹងទាំងអស់គ្នាបានទៅរួច នេះជារឿងមួយធំណាស់សម្រាប់ក្រុម។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា « កីឡាករជាក្រុម បើកីឡាករជាក្រុម ខុសពីកីឡាករម្នាក់ឯង កីឡាករជាក្រុម ទី១. ម្នាក់ៗខ្លាំង តែទី២. ត្រូវក្រុមខ្លាំង ទី៣. ត្រូវក្រុមជួយគ្នា ព្រោះនេះយើងជាក្រុម មិនមែនយើងវាយល្អតែមួយ យើងអត់ជួយគ្នានោះទេ សំខាន់ដែលហៅថាកីឡាករជាក្រុមត្រូវមានស្មារតីមួយជួយគ្នា ស្រឡាញ់គ្នា ហើយយោគយល់គ្នា ខ្វះចំណុចទាំងអស់នេះអត់បានទេ»។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ទៀតថា ជាលទ្ធផលការប្រកួតទោះបីមានឈ្នះមានចាញ់នេះជារឿងធម្មតា ក៏ប៉ុន្តែយើងត្រូវខិតខំបន្តទៀត ព្រោះយើងប្រវត្តិរបស់ក្រសួងមហាផ្ទៃយើងធ្លាប់ឈរលេខ១ ទោះបីមួយរយៈនេះយើងអាក់ខានគ្រូ តែបច្ចុប្បន្ននេះយើងបានជួលគ្រូថ្មី និងរើសកីឡាករថ្មីបន្ថែម ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា។
នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកួតទទួលបានពានរង្វាន់ជូនក្រសួងជាបន្តបន្ទាប់ និងសូមឲ្យក្រុមកីឡាករ ទាំងអស់ខិតខំ ហ្វឹកហាត់បន្ថែមទៀតដើ្បម្បីដណ្តើមបានពានរង្វាន់ថ្មីៗថែមទៀតជូនក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានឧបត្ថម្ភថវិកាជូន ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់ សរុប ២២នាក់ ដោយក្នុងម្នាក់ៗទទួលបាន១លានរៀល៕