(សៀមរាប)៖ អតីតសិស្សច្រើនជំនាន់ និងលោកគ្រូអ្នកគ្រូជាង ៥០០នាក់បានប្រារព្ធពិធីបុណ្យរំលឹកគុណគ្រូ និងជួបជុំអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ លើកទី ២ ហើយ ពិធីនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនាថ្ងៃទី ២៥ កុម្ភៈ ២០១៧ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឈួន ឆាម អតីតនាយកវិទ្យាល័យ និងជាប្រធានកិត្តិយស រួមនឹងលោកគ្រូ គឹម ឡេង នាយកវិទ្យាល័យ និងជាតំណាងអតីតសិស្ស។
ទិដ្ឋភាពនៃការជួបជុំគ្នារវាងអតីតគ្រូ លោកគ្រូអ្នកគ្រូ និងអតីតសិស្សច្រើនជំនាន់លាយចម្រុះ រួមទំាងលើកបដាតូចៗដែលមានពាក្យស្លោកជាច្រើនដែលមានខ្លឹមសារដូចជា គ្រូខ្ញុំចាស់ហើយ ខ្ញុំស្រឡាញ់គ្រូខ្ញុំ លោកគ្រូអ្នកគ្រូជាឪពុកម្តាយទី ២ ធ្វើបុណ្យទាន់ខែភ្លឺ ការធ្វើបុណ្យមិនមែនសំដៅលើបរិមាណបរិច្ចាគទេ គឺលើទំហំទឹកចិត្ត គ្រូបង្រៀនម្នាក់បណ្តុះសិស្សបានរាប់ពាន់នាក់ ចុះសិស្សមួយពាន់នាក់អាចផ្តល់ជិវិតថ្មី ដល់គ្រូម្នាក់បានទេ? ផ្តល់សេចក្តីសង្ឃឹម និងភាពជួបជុំដែលលែងឯការបស់គ្រូយើង សូមមេត្តាផ្តល់ជីវិតដែលមានស្នាមញញឹមដល់គ្រូយើង រួមផ្សំនឹងការធ្វើបដិសណ្ឋាកិច្ចពីសំណាក់សិស្សជូនចំពោះ អតីតលោកគ្រូអ្នកគ្រូ និងការសំណេះសំណាលរំលឹកអនុស្សាវរីយ៍ បានធ្វើឲ្យលោកគ្រូអ្នកគ្រូមួយចំនួនរំជួលចិត្ត រហូតដល់ស្រក់ទឹកភ្នែក។
គោលបំណងសំខាន់របស់អតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ គឺ៖
*ស្វែងរកមូលនិធិដើម្បីទ្រទ្រង់គ្រូបង្រៀនចូលនិវត្ដន៍ និងមានជំងឺ
*បណ្តុះគំនិតចូលរួមការងារសង្គម ដើម្បីអ្នកដែលមានគុណ និងចែករំលែកបទពិសោធដល់មនុស្សជំនាន់ថ្មី
*ជម្រុញឲ្យមានការចូលរួមពីអតីតសិស្សគ្រប់ជំនាន់ និងលោកគ្រូអ្នកគ្រូផង។
លោក ឈួន ឆាម ថ្លែងថា «ខ្ញុំពិតជារំភើបណាស់ចំពោះគំនិតផ្តួចផ្តើម និងការចេះសហការគ្នា រវាងអតីតសិស្សដោយមិនប្រកាន់ជំនាន់ ហើយពិធីនេះបង្កើតឡើងក្នុងគោលបំណង ផ្តល់នូវសេចក្តីតបស្នងសងគុណ ជូនដល់អតីតគ្រូបង្រៀនដែលចូលនិវត្តន៍ និងមានជំងឺ រួមទំាងមិត្តភក្តិរបស់ពួកគេដែលកំពុង ប្រឈមមុខនឹងបញ្ហាណាមួយ។ ការជួបជុំរបស់អតីតសិស្ស ១០ មករា ១៩៧៩ បានរៀបចំឡើងជាច្រើនឆ្នាំតាមរយៈជំនាន់ផ្សេងៗ ប៉ុន្តែក្រុមការងាររៀបចំពិធីបុណ្យរំលឹកគុណគ្រូ និងជួបជុំអតីតសិស្ស បានប្តេជ្ញាចិត្តយ៉ាងស្រួចស្រាវ ដើម្បីកៀងគរអតីតសិស្សគ្រប់ជំនាន់ឲ្យចូលរួមជាធ្លុងមួយ រួមកម្លាំងគ្នា ធ្វើសកម្មភាពមនុស្សធម៌ ដើម្បីផ្តល់នូវសេចក្តីស្រឡាញ់ ការតបស្នងសងគុណ ការគាំពារ ជូនចំពោះអតីតគ្រូបង្រៀនរបស់ខ្លួន»។
ក្រុមការងារសំណូមពរឲ្យអតីតសិស្ស ១០ មករា ១៩៧៩ ទំាងអស់រួមគ្នាជាក្រុមតែមួយដើម្បីជ្រោងទង់មនុស្សធម៌ ដែលប្រកបដោយនិរន្តភាព។ ឆន្ទៈដ៏ស្រួចស្រាវនេះ គឺចង់ចងក្រងអនុស្សាវរីយ៍ថ្មីមួយ ដែលប្រកបដោយ មេត្តាធម៌ ករុណាធម៌ កត្តញូតាធម៌ ដែលផុសចេញពីបេះដូង ដើម្បីតបស្នងសងគុណដល់គ្រូបាអាចារ្យដែលជាឪពុកម្តាយទី ២ ដោយក្តីគោរពស្រឡាញ់ឲ្យបានច្រើន មុនថ្ងៃអស្តង្គត ជាជាងការជូនដំណើរនាគ្រាចុងក្រោយ។
ទស្សនវិស័យទំាងអស់នេះ ទើបអតីតសិស្សវិទ្យាល័យ ១០ មករា ១៩៧៩ បានឯកភាពគ្នាបង្កើតជាពាក្យស្លោកមួយគឺ «ធ្វើបុណ្យទាន់ខែភ្លឺ»។
លោកគ្រូ គឹម ឡេង ជានាយកវិទ្យាល័យ ១០ មករា ១៩៧៩ និងជាតំណាងអតីតសិស្ស បានគំាទ្រនូវផ្នត់គំនិតនេះ ហើយបានអំពាវនាវដល់សប្បុរសជន និងអតីតសិស្សគ្រប់ជំនាន់ព្រួតដៃគ្នាចូលរួមបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ដើម្បីអតីតគ្រូយើង និងបង្ហាញពីសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយទុក្ខធុរៈគ្នា រវាងគ្រូនិងសិស្ស និងរវាងមិត្តភក្តិនិងមិត្តភក្តិ ដើម្បីសង្គមសាមគ្គីភាពគ្នា ក៏ដូចជាចូលរួមអភិវឌ្ឍសាលារបស់យើង ដើម្បីជាពន្លឺបំភ្លឺទៅរកភាពរុងរឿង។
លោក កែ ឆនភក្តី សមាជិកការងាររៀបចំកម្មវិធី និងជាអ្នកទទួលបន្ទុកប្រាក់រៃអង្គាសបានបញ្ជាក់ថាជា លទ្ធផលបឋម យើងទទួលបានប្រាក់វិភាគទានចូលរួមពិធីជួបជុំពីអតីតសិស្សជាង ៧ ០០០ដុល្លារ ហើយយើងនឹង ត្រូវចំណាយសម្រាប់ការរៀបចំកម្មវិធីទំាងមូលអស់ជាង ៩ ០០០ដុល្លារ ដូច្នេះយើងខ្វះខាតជាង ១ ០០០ ដុល្លារ សម្រាប់ការទូរទាត់ផ្សេងៗ។ ដោយឡែកក្រុមការងារបានផលិតអាវយឺត ដើម្បីលក់រកកម្រៃបញ្ចូលក្នុងមូលនិធិ និងរៃអង្គាសពីសប្បុរសជន រួមទំាងអតីតសិស្សបានប្រមាណជាង ៦,០០០ដុល្លារផងដែរ។
លោកបន្ដថា «យើងនឹងស្វែងរកជំនួយបន្ថែមពីអតីតសិស្សដើម្បីទូរទាត់បំណុលខាងលើ និងសូមរក្សានូវប្រាក់រៃអង្គាសសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ប៉ុណ្ណោះ ហើយ យើងនៅសល់អាវយឺតមួយចំនួនដែលបន្តដាក់លក់នៅហាង រហាត់កាហ្វេ, The Seda Villa និងផ្សារទំនើប ចៅ សំាងហុក ក្នុងក្រុងសៀមរាប។ ខ្ញុំសូមអំពាវនាវដល់សប្បុរសជន និងអតីតសិស្សគ្រប់ជំនាន់មេត្តាចូលរួមជាវដើម្បីជាការបរិច្ចាគក្នុងមូលនិធិនេះ»។
ដើម្បីបរិច្ចាគ និងទទួលបានព័ត៌មានផ្សេងអំពីសកម្មភាពទំាងអស់នេះ សូមចូលទៅកាន់៖
ហ្វេសប៊ុក៖ https://goo.gl/SBZBnz
វេបសាយ៖ https://10jan79alumni.com/