(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានទម្លាយសារឆ្លើយឆ្លងទាំងអស់ជាមួយថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ ប្រសិនបើថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាមួយនេះ នៅតែផ្គើនមិនទទួលស្គាល់សារសំឡេងសន្ទនារវាងសម្តេច និងលោក កឹម សុខា ដែលបានបែកធ្លាយកាលពីសប្តាហ៍មុន។

ការព្រមានទម្លាយសារឆ្លើយឆ្លងសារឆ្លង ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានព្រមានយ៉ាងដូច្នេះ៖ «អ្នកឯងចង់សាកហ្ហេ! បើចង់សាកខ្ញុំទម្លាយចេញទាំងអស់។ តាំងពីក្នុង WhatApp SMS តិចអ្នកឯងថា ខ្ញុំជាមនុស្សមិនបានការ។ គ្រាន់តែឯកសារស្តុក ដែលអ្នកឯង SMS មកខ្ញុំ អ្នកឯង Whatapp មកខ្ញុំ អ្នកឯង Telegram មកខ្ញុំ អ្នកឯង Line មកខ្ញុំ។ អ្នកឯងចង់ឲ្យខ្ញុំបញ្ចេញ? ខ្ញុំនឹងបញ្ចេញឲ្យអ្នកឯងមើលទាំងអស់។ នៅស្រុកខ្មែរមាននរណាជេរ ហ៊ុន សែន ថា អាយ៉ង ក៏ប៉ុន្តែមកធ្វើជា អាយ៉ង របស់ហ៊ុន សែន»

នៅថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧ សប្តាហ៍មុននេះ Facebook ឈ្មោះ «សីហា» បានទម្លាយសារឆ្លើយឆ្លងតាមទូរស័ព្ទមួយរវាង សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ ក្នុងសារសំឡេងនោះ សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានពិភាក្សាគ្នាពីការរកច្រកឲ្យលោក កឹម សុខា បានរួចផុតពីទោសទណ្ឌ ជាពិសេសផែនការជួយឲ្យលោក កឹម សុខា ដណ្តើមបានតំណែងប្រធាន គណបក្សសង្រ្គោះជាតិ ពីលោក សម រង្ស៊ី ផងដែរ។

ក្នុងសារសន្ទនាបែកធ្លាយនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការខឹងសម្បាខ្លាំងជាមួយលោក សម រង្ស៊ី ដែលបានចោទប្រកាន់ភរិយា និងកូនរបស់សម្តេច ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ឌឹកថូ។ ត្រង់ចំណុចនេះ ត្រូវបានលោក កឹម សុខា បន្ទរតបបង្ហាញការមិនពេញចិត្ត ជាមួយលោក សម រង្ស៊ី ផងដែរ។

សារដែលបានបែកធ្លាយនេះ មិនមានការចេញបដិសេធ ឬប្រតិកម្មណាមួយពីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះទេ តែលោក សម រង្ស៊ី ប្រមុខបក្សប្រឆាំងទើបបាត់បង់តំណែង បានចេញមកថ្លែងអំពាវនាវឲ្យសាធារណជន កុំចាប់អាម្មណ៍ទៅលើសារសំឡេងនោះ។ លោក សម រង្ស៊ី បានហៅសំឡេងសន្ទនាបែកធ្លាយនោះថា ជាសំឡែងកាត់ត និងប្រឌិតឡើងក្នុងបំណងបំបែកគណបក្សសង្រ្គោះជាតិ។

ឆ្លើយតបការប្រកែករបស់លោក សម រង្ស៊ី ក្រៅពីការបញ្ជាក់តាមរយៈទំព័រ Facebook របស់អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃអាទិត្យ ទី០៥ ខែមីនា ម្សិលមិញហើយនោះ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សំឡេងនោះ គឺពិតជាសំឡេងសន្ទនារបស់សម្តេច ដែលបានផ្តល់យោបល់ណែនាំទៅលោក កឹម សុខា តែត្រង់លោក កឹម សុខា ធ្វើតាម ឬមិនធ្វើតាមជារឿង របស់លោក កឹម សុខា។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបបួលលោក កឹម សុខា ទៅស្បថនៅព្រះអង្គដងកើមុខ ព្រះបរមរាជវាំងថែមទៀតផង ប្រសិនបើលោក កឹម សុខា ហ៊ានបដិសេធចំពោះសំឡេងដែលបែកធ្លាយនោះ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖