(ភ្នំពេញ)៖ ជាការពិត ការតស៊ូរបស់ជីវិតមនុស្សម្នាក៉ៗ តែងតែមានសណ្ឋាន និងការរស់នៅខុសៗគ្នា ហើយការតស៊ូក្នុងជីវិត បានធ្វើឲ្យមនុស្សស្គាល់នូវរសជាតិ ដ៏លំបាកលំបិន ហើយ ដើម្បីស្វែងរកពន្លឺនៃជីវិតឲ្យល្អប្រសើរ ចាំបាច់ត្រូវតែតស៊ូ​ក្រាញ​ននាល ជំនះនូវឧបសគ្គរាប់ម៉ឺនជំពូក ទើបជីវិតមានថ្ងៃត្រចះត្រចង់។ យ៉ាងណាមិញ តារាចម្រៀង និង​ជាថៅ​កែផលិតកម្ម Galasy លោក ឡេង ណាវ៉ាត់ត្រា ដែលមានទាំងមុខជំនួញពុះដីឡូតិ៍​លក់​ លោកមានទ្រព្យរាប់សែនដុល្លារដុល្លារ នៅក្នុង​ដៃផងនោះ ​​លោកក៏ធ្លាប់ឆ្លងកាត់នូវគ្រាក្រ ដែលក្រុមគ្រួសាររបស់លោកធ្លាប់ជួបប្រទះ ពោលគឺរកតែអង្ករច្រកឆ្នាំងគ្មានផង​។

ផលិតករវ័យក្មេង ដែលធ្លាប់ឆ្លងកាត់ជីវិត ជាពលករធ្វើការ​នៅក្នុងប្រទេសកូរ៉េ លោក ណាវ៉ាត់ត្រា បានបង្ហោះ​សារដែល​មានខ្លឹមសារថា «អតីតកាលខ្ញុំគ្រាន់ជាក្មេងក្រីក្រ ប្រចាំភូមិម្នាក់ផ្ទះ ធ្វើពីចំបើងជាន់ ជាមួយល្បាប់ផុកដំបូលស្លឹកខ្ទម ជាប់នឹងដីចំណេកអាហាកុំថាឡើយ ម្ហូបគ្រប់គ្រាន់សូម្បី តែអង្ករក៏ដាច់ពេលដែ។ បន្ទប់រៀននៃសាលាបឋមសិក្សារឃ្លាំង ខ្ញុំជាសិស្សពូកែម្នាក់​នៅក្នុងថ្នាក់ទី៦ ដែលលោក គ្រូ អាន ជាគ្រូនឹងជាមនុស្សដែលខ្ញុំគោរព ម្ដាយខ្ញុំជាស្ត្រីគ្រប់លក្ខដែល​មានសុខភាព មិន​សូវមាំទាំ ឪពុកខ្ញុំជាអ្នករែកដីតាមភូមិ មិនចេះផឹកស្រាមិនសូវមានគេរាប់ ដែលអ្នកស្រុកនឹងបងប្អូន​មួយចំនួន មើលងាយហើយប្រមាថ លើសពីកាទទួលយកបាន ជាពិសេសមិត្តភក្តិគេនិយាយដៀមដាម នឹងប្រមាថឪពុក​របស់ខ្ញុំជាញឹកញាប់ មានពេលមួយនោះឪពុកខ្ញុំមិននៅទៅរែកដីឆ្ងាយ!»

តារាចម្រៀង និងជាថៅ​កែផលិតកម្ម Galasy លោក ឡេង ណាវ៉ាត់ត្រា បានពោលបន្តថា «មេឃភ្លៀងនៅផ្ទះអត់មានអង្ករនោះទេ ខ្ញុំ​សំឡឹងទៅម៉ែ ម៉ែកំពុងហូរទឹកភ្នែក មួយសន្ទុះក្រោយមកម្ដាយខ្ញុំចេញ ទៅក្រៅជាមួយបងប្រុសខ្ញុំ ហើយគាត់ឲ្យខ្ញុំចាំផ្ទះ ខ្ញុំពរប្អូនស្រីដែលមាន អាយុប្រហែលពីឆ្នាំជាង ប្អូនប្រុសខ្ញុំយំទាបាយ ខ្ញុំបើកឆ្នាំងបាយ គឺឃើញមានតែ​ បាយកកមួយដុំប៉ុណ្ណោះ ប្អូនខ្ញុំស្រវ៉ាយកទាំងអស់ ខ្ញុំវៃប្អូនឡើងយំ ព្រោះខ្លាចអស់បាយខានម៉ែ ម៉ោងប្រហែលបីល្ងាចហើយ មិនឃើញម៉ែមកវិញ​សោះ​ប្អូនយំកាន់តែខ្លាំង ខ្ញុំក៏យំដែរ មេឃភ្លៀងយប់ងងឹតស្រាងៗ​ បងប្រុសខ្ញុំមកដល់ជាមួយម្ដាយ គឺខ្ចីស្រូវគេបានមួយតៅនឹងសុំបាយគេ​ខ្លះមកជាមួយ គាត់ស្រវ៉ាពរប្អូនស្រីដែល​កំពុងយំ ប្អូនប្រុសខ្ញុំយំផងទូ​លពិតម្ដាយផង ហើយគាត់បន្ទោសខ្ញុំទាំងទឹកភ្នែកថា កូនណ្ហើយកូនម៉េចមិនឲ្យប្អូនស៊ីបាយ ពេលនោះខ្ញុំអាណិតម៉ែណាស់ ហើយអាណិតប្អូនណាស់ ។ ខ្ញុំសួបងប្អូនទាំងអស់គ្នាតើខ្ញុំអាចបោះបង់គ្រួសារ ដ៏កំសត់មួយនេះទេ?»

អតីតពលករកូរ៉េ ដែលបច្ចុប្បន្នមានមុខជំនួញ ទាំងផលិតកម្មនឹងជំនួញដីធ្លីរូបនេះ បញ្ជា​ក់ថា ការរៀបរាប់ខាងលើនេះ គ្រាន់តែជាជ្រុងមួយនៃឆាកជីវិតតែប៉ុណ្ណោះ ពោលគឺលោកធ្លាប់ជួបបញ្ហាជាច្រើនទៀតទម្រាំតែមានថ្ងៃនេះ​។ យ៉ាងណាលោក ណាវ៉ាត់ត្រា អះអាងថា ការដែលលោកបង្ហោះសារនេះឡើង លោកគ្រាន់តែចង់បញ្ជាក់ថា លោកគ្រាន់តែជាក្មេងក្រីក្រ​ រស់នៅក្នុងគ្រួសារមួយធ្លាប់រំបាកតោកយាក ដែលញាតិមិត្តនៅក្នុងភូមិមិនឲ្យតម្លៃ និងមាក់ងាយប៉ុណ្ណោះ។ ម្យ៉ាងទៀតអាចបញ្ជាក់ថា លោកជាបុគ្គលជោគជ័យ តែ​មិនភ្លេចកំណើតដើម៕