(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តថ្មីសិរីឧត្តម ហៅវត្តត្រពាំងព្រីង ស្ថិតនៅឃុំដំរីពួង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបានជួបសំណេះសំណាលជាមួយប្រជាពុទ្ធបរិស័ទ ប្រកបដោយភាពស្និទ្ធស្នាលផងដែរ។
ពិធីបុណ្យបញ្ចុះខណ្ឌសីមានេះ ប្រារព្ធឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀចផងដែរ។
នាឱកាសនោះ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកស្វាយអន្ទរ មានការទទួលស្វាគមន៍ សម្ដេចក្រឡាហោម ស ខេង យ៉ាងកក់ក្ដៅបំផុត។
បន្ទាប់ពីបុណ្យបញ្ចុះខណ្ឌសីមារួច សម្តេចក្រឡាហោម ស ខេង បានចែកថវិកាដែលបានពីមូលនិធិមនុស្សធម៌ របស់សម្ដេចផ្ទាល់ ជូនដល់ស្ត្រីឆ្លងទន្លេតាមខ្នងផ្ទះជាច្រើនគ្រួសារផងដែរ៕