(កណ្តាល)៖ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកាំកុងត្រូល ជាអនុប្រធានទី១ចុះជួយស្រុកកៀនស្វាយ និងជាប្រធានគណៈពង្រឹងឃុំគគីរ ឃុំដីឥដ្ឋ និងឃុំភូមិធំ បាននាំយកថវិកា ជិត១៥លានរៀល ចែកជូនបងប្អូនស្ដ្រី ជិត៣០០នាក់ នៅទូទាំងស្រុកកៀនស្វាយ ក្នុងពិធីអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧។
ការរំលឹកខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនានេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៧នេះ ពិតជាមានអត្ថន័យណាស់ ដោយកម្ពុជាបានជ្រើសរើសប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព» ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារី ទូទាំងពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនឹងបុរសដែរ។
លោកបន្តថា នារីមិនមែនមានតែសិទ្ធិថ្ងៃទី៨មីនានោះទេ គឺមានសិទ្ធិដូចបុរសដែរ គ្រាន់តែថ្ងៃទី៨មីនា គឺជាការរំលឹកនូវការខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ ក្នុងការជម្នះរាល់ឧបសគ្គ ដែលរំាងស្ទះ និងដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់ស្ត្រីកម្ពុជា ក៏ដូចជាស្រ្តីនៅទូទាំងសកលលោក ឲ្យមានការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា «នារីជាកម្លាំងចលករក្នុងការរួមចំណែក ជំរុញប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តភាព»។
លោកបានគំាទ្រប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ ដែលបានលើកឡើងថា «ស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព» ក្នុងគោលបំណងរំលេចពី តម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាននិងកំពុងគំាទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទំាងបុរស និងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាដោយសន្តិវិធី។
បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក លោក ម៉ក់ ពេជ្ជរិទ្ធ ក៏បានផ្តល់ថវិកាជិត១៥លានរៀល ជូនស្ដ្រីអ្នកចូលរួម ជិត៣០០នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕