(ភ្នំពេញ)៖ Barrley Black ជាប្រភេទស្រាបៀរទឹកខ្មៅថ្មីរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត រសជាតិថ្មីប្លែក ក្លិន និងពណ៌ល្អឥតខ្ចោះ គុណភាពខ្ពស់ផលិតចេញពីស្រូវសាលី ដែលមានប្រភពពីប្រទេសនៅអឺរ៉ុប បានបង្ហាញវត្ដមាននៅលើទីផ្សារកម្ពុជាហើយ បន្ទាប់ពីបើកសម្ពោធជាផ្លូវការនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា នៅរាត្រីថ្ងៃទី០៥ មីនា ឆ្នាំ២០១៧ ។
លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លីមីតធីត បានថ្លែងឲ្យដឹងថាក្រុមហ៊ុនយើង បានបើកសម្ពោធជាផ្លូវការនូវស្រាបៀរទឹកខ្មៅ Barrley Black ដែលជាស្រាបៀរដែលមានគុណភាពខ្ពស់ ដែលត្រូវបានផលិតឡើងនៅរោងចក្រផលិតស្រាបៀរកម្ពុជា ។
លោកឧកញ៉ា បន្ដថា «មានកត្ដាបីយ៉ាងដែលធ្វើឲ្យស្រាបៀរទឹកខ្មៅ Barrley Black មានគុណភាពខ្ពស់ គឺកត្ដាគ្រឿងផ្សំ កត្ដាបច្ចេកវិទ្យា និងកត្ដាធនធានមនុស្ស ហើយសម្រាប់គ្រឿងផ្សំទាំងអស់វិញ គឺសុទ្ធតែមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព។លើសពីនេះ យើងបានប្រើប្រាស់ស្រូវសាលីពិសេស បួនប្រភេទផ្សេងគ្នាពីប្រទេសនៅអឺរ៉ុប ដើម្បីធានាថា ស្រាបៀរ ទឹកខ្មៅ Barrley Black មានពណ៌ មានក្លិន និងរសជាតិយ៉ាងល្អឥតខ្ចោះ ពិសេសជាមួយនឹងបច្ចេកវិទ្យាដែលប្រើប្រាស់ ក្នុងការផលិតស្រាបៀរនេះ គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតក្នុងទីផ្សារ ហើយរាល់អ្នកបញ្ជាម៉ាស៊ីន និងគណៈគ្រប់គ្រង រោងចក្រសុទ្ធតែមានបទពិសោធន៍ជាច្រើន ក្នុងឧស្សាហកម្មផលិតស្រាបៀរ និងទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ពីប្រទេសអាល្លឺម៉ង់» ។
ស្រាបៀរទឹកខ្មៅ Barrley Black ជាស្រាបៀរ មានគុណភាពខ្ពស់ទីពីរ របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស លីមីតធីត ហើយផលិតផលដំបូងរបស់ក្រុមហ៊ុន គឺស្រាបៀរកម្ពុជា ដែលមានវត្ដមានលើទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០១១ ហើយធ្លាប់ទទួលបានមេដាយអន្ដរជាតិ បញ្ជាក់ពីគុណភាពជាច្រើនសន្ធឹកសន្ធាប់ ។ រោងចក្រផលិតស្រាបៀរទាំងពីរប្រភេទនេះ ក៏ទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីចក្រភពអង់គ្លេសផងដែរ៕