(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-និងជាប្រធានសហព័ន្ឋសហជីពកម្មករកម្ពុជា-CLUF នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចំនួន១០រូប ទៅធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅទីក្រុងគ័នមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន ។
លោក សោម អូន ជាប្រធានគណប្រតិភូបានឲ្យដឹងថា ឆ្លើយតបតាមការអញ្ជើញជាផ្លូវការរបស់សហព័ន្ធសហជីពទីក្រុងគ័នមិញ លោកបានរៀបចំគណៈប្រតិភូចំនួន១០រូបដែលជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងជាប្រធានសហភាពសហព័ន្ឋសហជីព ជាសមាជិកសភាសម្ព័ន្ឋសហជីពជាតិកម្ពុជាទៅធ្វើទស្សនកិច្ចជាផ្លូវការ ចំនួនមួយសប្តាហ៍នៅទីក្រុងគ័នមិញ ដើម្បីរិតចំណងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៏ និង ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់សហជីព និងកម្មករនៃប្រទេសទាំង២ ។
លោក សោម អូន បានបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ភាគីទាំង២មានគំរោងចុះហត្ថលេខាលើអនុសារណៈយោគយល់ (MoU) រវាងសហព័ន្ធសហជីពទីក្រុងគ័នមិញ ជាមួយសហព័ន្ធសហជីពមួយដែលសមាជិករបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងមានគំរោងពិភាក្សាទៅលើការងារមួយចំនួនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីអោយសុីជម្រៅសមស្របតាមគោលនយោបាយនៃប្រទេសទាំង២ ។
សូមបញ្ជាក់ថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC គឺជាសម្ព័ន្ធសហភាពសហជីពវ័យជំណាស់មួយបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ និងមានការបោះឆ្នោតរៀងរាល់៣ឆ្នាំម្តង និងមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ និងបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពតស៊ូមតិដើម្បីបង្កើតនូវគោលនយោបាយថ្នាក់ជាតិ ការចរចាតម្លើងប្រាក់ឈ្នួល ក៏ដូចជាការការពារសិទ្ធិ និងប្រយោជន៍កម្មករ និងជាពិសេសបានចូលរួមចំណែកក្នុងការរក្សាការពារបរិយាកាសវិនិយោគ និង ស្ថេរភាពសង្គម ៕