(ភ្នំពេញ)៖ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនដោះលែងឲ្យនៅក្រៅឃុំនោះទេ ពោលគឺបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល។ ប៉ុន្តែមេធាវីការពារក្តីលោក គឹម សុខ បានប្តឹងបន្តទៅសាលាឧទ្ធរណ៍ ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ជួង ជូងី មេធាវីរបស់ លោក គឹម សុខ នៅព្រឹកថ្ងៃទី៦ ខែមីនា។
គួរបញ្ជាក់ថា លោក គឹម សុខ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងករណីចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់ លោកបណ្ឌិតកែម ឡី។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ សម្រេចឃុំខ្លួន លោក គឹម សុខ បន្ទាប់ពីលោកព្រះរាជអាជ្ញារង សៀង សុខ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕