អនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ជនសង្ស័យ៥នាក់ ដកហូតបានថ្នាំញៀន៣៦កញ្ចប់
06-03-2017 11:52
(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តព្រះសីហ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបើកប្រតិបត្តិការឃាត់ខ្លួនជនគ្រឿងញៀនចំនួន ៥នាក់ នៅចំណុចក្រុម១០ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយបានដកហូតថ្នាំញៀនចំនួន ៣៦កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដែលមានកម្លាំងមន្ទីរយុត្តិធម៌ខេត្តព្រះសីហនុចូលរួម ចំនួន៨នាក់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់៖ ១/ឈ្មោះ សេង វិច្ឆិកា អាយុ២០ឆ្នាំ, ២/ឈ្មោះ សុខ ម៉ាប់ អាយុ២២ឆ្នាំ, ៣/ឈ្មោះ ជា ឡេង អាយុ២៥ឆ្នាំ, ៤/ឈ្មោះ ជាន ស្រីណាន ភេទស្រី អាយុ៣៧ឆ្នាំ, ៥/ឈ្មោះ ខាត់ ចំរើន អាយុ៣៦ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបន្តថា កម្លាំងសមត្ថកិច្ចបានដកហូត ម្សៅសថ្លា៣៦កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង ខ្សៀរជក់ថ្នាំញៀន១ ដបជក់ថ្នាំញៀន១ លុយ២០០.០០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីនៅសាលាដំបូងខេត្តព្រះសីហនុ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕