(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព លោកតាព្រឹទ្ធាចារ្យ យិត សារិន ជាសិល្បករល្ខោនខោលជើងចាស់ ដែលមានរហស្សនាមស្តេចស្វាស បានទទួលមរណភាព នៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩៣ឆ្នាំ នៅគេហដ្ឋានលោកតា ស្ថិតនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​កាកបាទក្រហមកម្ពុជា បានពាំនាំការរំលែកទុក្ខ និងសោកស្តាយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានសម្ដែងនូវទុក្ខយ៉ាងក្រៀមក្រំបំផុត និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធសពលោកតាព្រឹទ្ធាចារ្យ យិត សារិន បានទៅកាន់ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងមនោសញ្ចេតនាដោយក្ដីក្រៀមក្រំ ក្រុមគ្រួសារសព «សម្ដែងនូវការដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានទឹកចិត្តជ្រះថ្លា សណ្តោសប្រណី ជួយឧបត្ថម្ភដល់ក្រុម​គ្រួសារយើងខ្ញុំជាច្រើនដង នៅពេលលោកតាកំពុងព្យាបាលជំងឺ ក៏ដូចជាថ្ងៃនេះ សម្តេចបានចាត់ឲ្យសហការី នាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ មកចូលបុណ្យបន្ថែមទៀត ហើយនៅពេលនេះយើងខ្ញុំទាំងអស់គ្មានអ្វីក្រៅពីលើកម្រាម១០ សូមថ្លែងអំណរអរគុណ និងជូនពរដល់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ»