(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាជនជាតិចិនចំនួន០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹង នៅព្រឹកថ្ងៃទី៦ មីនានេះថា ជនសង្ស័យជាជនជាតិចិនទាំងបួននាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១- ឈ្មោះទីង ឈូយៀន (DING CHUNYAUN) ភេទប្រុស អាយុ៥៥ឆ្នាំ,២-ឈ្មោះ ចាង ចៀនវិន (ZHANG JIANWEN) ភេទប្រុស អាយុ៣៤ឆ្នាំ,ឈ្មោះ ហៅ ប៉ស៊ឺ (HAO BOSHI) ភេទប្រុស អាយុ៤៥ឆ្នាំនិង៤-ចាង សៀវហ្វី (ZHANG XIAOFEI) ភេទប្រុស អាយុ៥៤ឆ្នាំ ។
មន្ត្រីអាវុធហត្ថដដែលបន្តថា ដំបូងឡើយកាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០១៧ ឈ្មោះ ទីង ឈូយៀន មានមុខរបរជាថៅកែកាស៊ីណូ ប៊ូលឡឺនៅប៉ោយប៉ែត រួមនឹងបក្ខពួក បានចាប់មនុស្សពីរនាក់ជាជនជាតិចិនដូចគ្នា ឈ្មោះ ជុន សៀវលាង(ZHUN XIAO LIANG) ភេទប្រុស អាយុ៥១ឆ្នាំ និងឈ្មោះ ចាង ចៀនជាង (ZHAN QIAN QIANG) ភេទប្រុស អាយុ៣០ឆ្នាំ មកប្រគល់ឱ្យសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដោយប្រាប់ថា «ពួកគេទាំងពីរនាក់នេះ និងម្នាក់ទៀតរត់គេចខ្លួនបាត់ឈ្មោះ លូវ ជីនស៊ិន (LIU JUNSHEN) ភេទប្រុស អាយុ៤៦ឆ្នាំ គឺបានជំពាក់លុយខ្លួន(ទីង ឈូយៀន) សរុប១,១២០,០០០$ (មួយលានមួយសែនពីរម៉ឺនដុល្លារ)»។
ក្រោយការស្រាវជ្រាវរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ករណីនេះបានប្រែក្រឡាស់ទៅវិញគួរឱ្យភ្ញាក់ផ្អើល ដោយជនសង្ស័យពីរនាក់ដែលគេចាប់ មកក្លាយទៅជាជនរងគ្រោះ រីឯដើមបណ្តឹងក្លាយទៅជាជនល្មើស និងជាមេក្លោងជម្រិតទារប្រាក់ដ៏ធំនៅស្រុកខ្មែរ។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា ជនរងគ្រោះទាំងពីរនាក់ ដែលគេចាប់មកប្រគល់ឱ្យសមត្ថកិច្ច គឺម្នាក់ឈ្មោះ ជុន សៀវលាង ជាថៅកែក្រុមហ៊ុន នៅស្រុកចិន ហើយត្រូវ បានគេល្បួងឱ្យមកលេងល្បែងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំដែនថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រហូតចាញ់លុយអស់ពីខ្លួន និងជំពាក់កាស៊ីណូ ៧៧ម៉ឺនដុល្លារ ត្រូវបានឈ្មោះ ទីង ឈូយៀន ជាថៅកែកាស៊ីណូ បញ្ជាឱ្យបក្ខពួកចាប់ខ្លួន យកទៅឃុំឃាំងក្នុងទ្រុងឆ្កែ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅផ្ទះល្វែងមួយមិនឆ្ងាយពីកាស៊ីណូ ប៉ុន្មាន ដើម្បីគំរាមទារប្រាក់ពីប្រពន្ធ ដែលនៅឯស្រុកចិន តាមរយៈការបញ្ជូនសារនិងរូបភាពតាមប្រព័ន្ធវីឆាតទៅប្រពន្ធ។ រីឯម្នាក់ទៀតឈ្មោះ ចាង ចៀនជាង គឺជាកូនចៅផ្ទាល់របស់ថៅកែ កាស៊ីណូ ទីង ឈូយៀន ដែលគេឱ្យនៅយាមឈ្មោះ ជុន សៀវលាង និងជនជាតិចិនម្នាក់ទៀតឈ្មោះ ឡូវ ជីនស៊ិន ដែលជាប់ក្នុងទ្រុងឆ្កែដូចគ្នា ព្រោះជំពាក់លុយកាស៊ីណូ ៣០ម៉ឺនដុល្លារ។
ដោយ ចាង ចៀនជាង ជាអ្នកយាមក៏ជំពាក់លុយ ទីង ឈូយៀន ចំនួន១៥ម៉ឺនដុល្លារផងដែរ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគេទាំងបីនាក់ បានរៀបគំរោងរត់គេចខ្លួនជាមួយគ្នាមកភ្នំពេញ ដើម្បីសុំសិទ្ធិទៅប្រទេសចិនវិញពីស្ថានទូត ព្រោះលិខិតឆ្លងដែន ពួកគេត្រូវបានគេដកយកអស់ តែត្រូវ ទីង ឈូយៀន ចាប់បានពីរនាក់ រីឯ ឡូវ ជីនស៊ិន រត់គេចខ្លួនផុត។
ក្រោយពេលស្រាវជ្រាវយ៉ាងល្អិតល្អន់ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានរកឃើញថា ឈ្មោះ ទីង ឈូយៀន ជាមេក្លោង រួមជាមួយបក្ខពួកម្នាក់ ទៀតឈ្មោះ ចាង ចៀនវិន, ចាង សៀវហ្វី និង ហៅ ប៉ស៊ឺ គឺជាក្រុមម៉ាហ្វៀរ ដែលតែងតែធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា និងជនបរទេសផ្សេងទៀត ប្រចាំនៅស្រុកខ្មែរ ហើយក្រុមនេះ គឺជាក្រុមតែមួយ ជាមួយក្រុមម៉ាហ្វីយ៉ាឬម៉ាហ្វៀរ ចាប់ជម្រិត៥នាក់ផ្សេងទៀតដែលអាវុធហត្ថ រាជធានីភ្នំពេញ ធ្លាប់បង្ក្រាបបានកាលពីខែធ្នូ ឆ្នាំ២០១៥ ព្រមទាំងរំដោះជនរងគ្រោះជាជនជាតិចិន បាន០៣នាក់ផងដែរនាពេលនោះ៕