(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងឲ្យដឹងថា ក្រសួងកសិកម្មកំពុងពិនិត្យវិនិយោគ ដាំដុះព្រៃឡើងវិញ នៅលើដីសម្បទានសេដ្ឋកិច្ច ដែលត្រូវបាននិរាករណ៍នាពេលកន្លងមក ដើម្បីបង្កើនគម្របព្រៃឈើនៅកម្ពុជា។
លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីវិនិយោគព្រៃឈើ ធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយាល់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។
លោក វេង សាខុន បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធបំពេញនីតិវិធីចុះបញ្ជីដី និងធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋ ដើម្បីឈានទៅកាត់បន្ថយជម្លោះបញ្ហាដីធ្លី ក្នុងពេលវិនិយោគលើការដាំដុះព្រៃឡើងវិញនេះ។
ក្នុងសិក្ខាសាលានិយាយពីការវិនិយោគព្រៃឈើនាព្រឹកមិញនេះ លោករដ្ឋមន្រ្តី វេង សាខុន បានផ្តាំផ្ញើឲ្យអង្គសិក្ខាសាលាផ្តោតការពិភាក្សាលើចំណុចសំខាន់មួយចំនួនដូចជា៖ ភាពស្របគ្នាទៅនឹងគោលនយោបាយព្រៃឈើជាតិ និងបទប្បញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា, សារៈប្រយោជន៍រួមទាំងតម្លៃសេដ្ឋកិច្ច សង្គម និងបរិស្ថានដែលទទួលបានពីការវិនិយោគវិស័យព្រៃឈើ, សកម្មភាពសំខាន់ៗដែលត្រូវរៀបចំតាមលំដាប់អាទិភាពសម្រាប់ការអនុវត្តគម្រោងក្នុងខេត្តគោលដៅ សមត្ថភាព និងធនធានរបស់ស្ថាប័នក្នុងការអនុវត្តគម្រោងដែលបាន និងកំពុងស្នើឡើង និង បញ្ហាប្រឈមដែលជាឧបសគ្គដល់ការវិនិយោគនេះ។
លោករដ្ឋមន្រ្តី ក៏បានស្នើអង្គសិក្ខាសាលា ជំរុញលើកទឹកចិត្តដល់សហគមន៍ព្រៃឈើ ក្នុងការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការទន្រ្ទានដីព្រៃ និងកាត់បន្ថយភាពក្រីក្រ៕