(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងរៀបចំកម្មវិធី ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងគម្រោង «ជួយដល់ការអនុវត្ត​​ប្រកបដោយប្រសិទ្ធភាព នូវការវាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងការត្រួត​ពិនិត្យការ បំពុលបរិស្ថាន តាមរយៈការអភិវឌ្ឍសមត្ថភា​ពនៃក្រសួងបរិស្ថាន» នៅម៉ោង២៖០០រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន។

គម្រោង «ជួយដល់ការអនុវត្ត​​ប្រកបដោយប្រសិទ្ធភាព នូវការវាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការ បំពុល បរិស្ថាន តាមរយៈការអភិវឌ្ឍសមត្ថភា​ពនៃក្រសួងបរិស្ថាន» សម្រាប់ជួយដោះស្រាយបញ្ហាបរិស្ថាន នៅ៣ឆ្នាំកន្លះខាងមុខ នូវតម្រូវការផ្នែកសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងដើម្បីធ្វើឱ្យប្រសើរឡើង​នូវប្រសិទ្ធភាព នៃការអនុវត្តការងារវាយតម្លៃ​ហេតុផលប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលនៅកម្ពុជា។

គម្រោងសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងទទួលបាននូវការពង្រឹង​សមត្ថភាព​របស់អគ្គនាយកដ្ឋាន​គាំពារបរិស្ថាន (GDEP) ដើម្បីសម្រេចបាននូវភារ​កិច្ចរបស់ខ្លួន និងការបង្កើតការកែលម្អ និងចែករំលែកទៅដល់​អ្នកពាក់ព័ន្ធនូវឯកសារច្បាប់​​បចេ្ចកទេស និងនីតិវីធីនានាពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន៕