(ភ្នំពេញ)៖ អង្គការមូលនិធិរក្សាកុមារ(Raksa Koma Foundation) និងទទួលបានការគាំទ្រ និងឧបត្ថម្ភដោយ អង្គការ ផ្តល់នូវក្តីសង្ឃឹមកម្ពុជា(HOPE Cambodia) និងដៃគូរសហការាច្រើនទៀត បានរៀបចំ ទិវាការស្តាប់ឮលើកទី២ ឆ្នាំ២០១៧ ប្រធានបទ«ចូលធ្វើសកម្មភាពទាក់ទងបាត់បង់ការស្តាប់ឮ Action For Hearing Loss ចូលវិនិយោគលើការស្តាប់ឮ Make a Sound Investment នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើននាក់។
ទិវាការស្តាប់ឮ គឺជាព្រឹត្តិការណ៍ស្វែងរកការគាំទ្រប្រចាំឆ្នាំ បានប្រព្រឹត្តធ្វើនៅថ្ងៃទី០៣ ខែមីនា ទិវានេះ ធ្វើឡើងក្នុង គោលបំណង ផ្សព្វផ្សាយការយល់ដឹង និងការលើកកម្ពស់ការថែទាំ ការស្តាប់ឮ និងត្រចៀក នៅទូទាំងប្រទេស និងនៅលើពិភពលោក។ជារៀងរាល់ឆ្នាំ ទិវានេះមានប្រធានបទ និងសកម្មភាពជាក់លាក់ ត្រូវបានអនុវត្តដោយដៃគូ និងភាគីពាក់ព័ន្ធនានាដោយឡែក ទិវាស្តាប់ឮកម្ពុជា ជាផ្នែកមួយនៃទិវាការស្តាប់ឮពិភពលោក។
លោកស្រី ជា សេរី ស្ថាបនិកមូលនិធិអង្គការកុមារ បានលើកឡើងថា នៅកម្ពុជាមានអង្គការតិចតួចណាស់ កំពុងធ្វើការលើ បញ្ហាជនពិការ បាត់បង់ការស្តាប់ឮនេះ ហើយប្រទេសកម្ពុជា មានប្រជាជនមានជំងឺបាត់បង់ ការស្តាប់ឮប្រមាណ ៥១,០០០នាក់ ដែលពួកគេទាំងអស់នេះ កមពុងត្រូវបានសង្គមរើសអើង និងព្រងើយកន្តើយ ជាពិសេសទាក់ទងទៅនឹង ការបណ្តុះបណ្តាល និងការផ្តល់ឪកាសការងារ។
លោកស្រី ជា សេរី សង្ឃឹមថា ទិវាការស្តាប់ឮថ្ងៃនេះ អាចជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជនលើបញ្ហាបាត់បង់ ការស្តាប់ឮ ហើយសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នា នឹងចូលរួមចំណែកធ្វើឲ្យជីវិតរស់នៅរបស់ជនបាត់បង់ការស្តាប់ឮ ទាំងអស់ មានភាពប្រសើរ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងមានក្តីសង្ឃឹម។
ជាមួយគ្នានោះដែរ លោក ឈឹម គឹមហ៊ាន ស្ថាបនិកអង្គការផ្តល់ក្តីសង្ឃឹម បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសដៃគូអភិវឌ្ឍនានា មេត្តាពង្រឹងកិច្ចការសហការចូលរួមចំណែក លើកកម្ពស់ការស្តារលទ្ធភាពពលកម្មដល់បងប្អូន បាត់បង់ការស្តាប់ឮទាំងអស់។
កាលពីឆ្នាំ២០១៦ ប្រធានបទនៃទិវាគឺ ការបាត់បង់ការស្តាប់ឮចំពោះកុមារ ប្រធានបទនេះ បានទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំង ដោយសារបញ្ហាកើនឡើងបាត់បង់ការស្តាប់ឮចំពោះកុមារ។
យោងតាមរបាយការណ៍ចន្លោះជំរឿន របស់ក្រសួងផែនការ ឆ្នាំ២០១៣ បានឲ្យដឹងថា នៅប្រទេសកម្ពុជា មានជនពិការ ចំនួន៣០១៦២៩នាក់ ស្មើ២.០៦% នៃចំនួនប្រជាជនសរុប ១៤,៦៧៦,៥៩១នាក់ នៅឆ្នាំ២០១៣ និងជនបាត់បង់ការ ស្តាប់ឮ មានក្នុងចំណោមនោះដែរ។ យ៉ាងណាក៏ដោយ អង្គការនៅមិនទាន់ទទួលបានទិន្នន័យជាក់លាក់ ពីចំនួន ជនបាត់បង់ការ ស្តាប់ឮ ក៏ដូចជាទិន្នន័យកុមារបាត់បង់ការស្តាប់ឮ នៅប្រទេសកម្ពុជានៅឡើយទេ៕