(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋាន សាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង៧០លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្នមិនមែនមានយានយន្តរាប់សិប រាប់រយ និងរាប់ម៉ឺនគ្រឿងទៀតទេ គឺមាន រាប់លានគ្រឿង ធ្វើឲ្យចរាចរណ៍កកស្ទះខ្លាំង ដែលទាមទារឲ្យមានការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវក្រវាត់ក្រុងជាដើម។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ក្នុងពេលឆាប់ៗខាងមុខ សម្តេច និងលោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន នឹងអញ្ជើញ បើកការដ្ឋានសាង សង់ផ្លូវ៥១ តភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យក្លាយជាក្រវាត់ក្រុងពិតប្រាកដនោះ កម្ពុជា ត្រូវការស្ពានពីរបន្ថែមទៀត។ ខ្វះស្ពានទី១ គឺ ស្ពានពីជ្រោយចង្វារ ទៅស្វាយជ្រុំ ឆ្លងកាត់ទន្លេមេគង្គលើ និងមួយទៀតត្រូវកសាងស្ពានពីអរិយក្សត្រ ទៅក្តីតាកុយ ឆ្លងកាត់ទន្លេមេគង្គក្រោម។ សម្តេចស្នើមិត្តចិន ពិចារណាផ្តល់ហិរញ្ញប្បទាន ដើម្បីសាងសង់ស្ពាននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណសាលារាជធានីភ្នំពេញ ដែលបានខិតខំស្វែងរកទុន និងដៃគូ ក្នុងការស្វែងរកថវិកាសាងសង់ ផ្លូវក្រវាត់ក្រុង ព្រមទាំងអរគុណក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានខិតខំចរចាជាមួយចិន យកថវិកាសាងសង់ផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ដោយសារការសាងសង់ ផ្លូវ ដោយសារតែគ្មានជម្រើសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំ១៩៧៩មក ប្រទេសកម្ពុជា បានប្រែប្រួលនិងផ្លាស់ប្តូរជា បន្តបន្ទាប់ គឺផ្លាស់ប្តូរពីការលំបាក មកភាពងាយស្រួល ដែលកើតចេញពីការរក្សាបាននូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសទម្លាយសារឆ្លើយឆ្លងជាមួយសម្តេចតេជោ ហ៊ុន សែន ជាមួយ កឹម សុខា ផ្សេងៗប្រសិនបើនៅតែបន្តបដិសេធនូវ សារសំឡេងដែលបានទម្លាយនាពេលកន្លងទៅនេះថាមិនមែនការពិត, សម្តេចប្រកាសថា សារសំឡេង ដែលបែកធ្លាយជាសារសំឡេង ពិតប្រាកដរបស់សម្តេច និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន ថា លោក កឹម សុខា តែងតែហៅសម្តេចថា «អាយ៉ង» តែទីបំផុតលោក កឹម សុខា បានទៅធ្វើជា «អាយ៉ង» របស់សម្តេច។
* សម្តេចនាយករដ្ឋមន្រ្តី ចៅទី១៩ និងទី២០ បានចាប់កំណើតហើយ។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានទម្លាយពីសុបិនរបស់សម្តេច ដែលបានឃើញ លោកឪពុករបស់សម្តេច នៅចំថ្ងៃពេញបូរណ៍មី។ សម្តេចនាយករដ្ឋមន្រ្តីថា ម្តាយរបស់សម្តេច បានមកចាប់ជាតិជាមួយសម្តេចរួចហើយ ហើយតាម សុបិន សម្តេចជឿថា ឪពុករបស់សម្តេច នឹងមកចាប់ជាតិជាមួយគ្រួសារសម្តេចផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ដើម្បីសម្ពោធឲ្យប្រើប្រាស់ផ្លូវ៦០ម៉ែត្រ ហើយក៏មានការជួបជុំរាំលេងសប្បាយ ជាមួយប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យការធ្វើផ្លូវ ៦០ម៉ែត្រ ឲ្យត្រង់ ដើម្បីអាចឲ្យយន្តហោះ ចុះចតបានប្រការខ្លាចក្រែង ព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទម្លាយរាល់សារ ដែលសម្តេចបានឆ្លើយឆ្លងជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នាពេលកន្លងមក។
* សម្តេចនាយករដ្ឋមន្រ្តី ក៏បានហាមប្រាមដល់មន្រ្តី NGO បើធ្វើនាមជាមន្រ្តីអង្គការសង្គម គឺត្រូវឲ្យច្បាស់ជាមន្រ្តីអង្គការសង្គមស៊ីវិល កុំធ្វើការវិភាគ លូកលាន់ក្នុងរឿងនយោបាយ។ សម្តេចតេជោបានថ្លែងរំលឹកថា ប្រសិនបើធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ នឹងត្រូវប្រឈម មុខនឹងផ្លូវច្បាប់។
* ឆ្លើយនឹងចម្ងល់របស់មនុស្សមួយចំនួនថា ហេតុអ្វីបានជាអ្នកនយោបាយខ្មែរចេះតែទាស់គ្នានោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យទៅសួរ អ្នកនយោបាយអាមេរិកទៅ ព្រោះអ្នកនយោបាយអាមេរិក ក៏កំពុងឈ្លោះប្រកែកគ្នាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មិនទាន់រួចខ្លួននៅឡើយទេ ដែលអាចប្រឈម និងការប្តឹងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រឿងលួចស្តាប់ការសន្ទនារបស់គាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទប់ស្កាត់ការធ្វើបាតុកម្មហិង្សានាពេលកន្លងមក គឺដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់របស់ ប្រទេសកម្ពុជា ដែលមិនខុសពីសហរដ្ឋអាមេរិកនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សនយោបាយនីមួយៗកុំតាំងខ្លួនធ្វើជាតួឯង គឺមានគណបក្សនយោបាយយ៉ាងច្រើនក្នុងការប្រកួត ប្រជែងស្វែងរកសន្លឹកឆ្នោត។ ថ្លែងដោយយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ មានគណបក្សនយោបាយរហូតដល់ទៅ១២គណបក្ស។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា នឹងមិនមានការលើកទោសឲ្យលោក សម រង្ស៊ី នោះឡើយ ហើយបានហៅការអំពាវនាវរបស់ លោក សម រង្ស៊ី ឲ្យសម្តេចដោះស្រាយរឿងកម្ចីប្រាក់របស់ប្រជាពលរដ្ឋពីគ្រឹះស្ថានហិរញ្ញវត្ថុនានា គឺជារឿងចង្រៃ។ សម្តេច បានហៅលោក សម រង្ស៊ី ដែលទើបបាត់បង់តំណែងប្រធានគណបក្សសង្រ្គោះជាតិ គឺជាស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់។ ពោល គឺមិនខុសពីលោក សម សារី ឪពុករបស់លោក ដែលត្រូវបានគេចោទថា ជាជនក្បត់ជាតិនោះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖០១នាទី ព្រឹកថ្ងៃច័ន្ទនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕