(ភ្នំពេញ)៖ រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ស្ថានភាពនយោបាយរបស់គណបក្សសង្រ្គោះជាតិហាក់មានបញ្ហាធ្ងន់ទៅៗ ក្រោយពីមានការបែកធ្លាយ សារឆ្លងឆ្លើយ និងសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ, នៅរាត្រី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បក្សីចាំក្រុង បានផ្ញើលិខិតមួយច្បាប់មានចំណងជើងថា «របើកវាំងនន បក្សព្រះអាទិត្យប្រែជាពណ៌លឿង» មកកាន់អង្គភាពព័ត៌មាន Fresh News ដោយបានសរសេរៀបរាប់ពីសេណារីយ៉ូ និងយុទ្ធសាស្រ្តជាច្រើនរបស់លោក កឹម សុខា ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីដណ្តើមយកបក្សទាំងមូលពីលោក សម រង្ស៊ី។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់មិត្តអ្នកអាន៖
១៖ វាំងននបានរបើកហើយ! នៅពេលសារតាមបណ្តាញ WhatsApp ចំនួន៣ផ្ទាំង ដែលនិយាយអំពីផែនការក្តោបក្តាប់យកបក្សព្រះអាទិត្យ រវាងមន្រ្តីខុទ្ទកាល័យមេបក្សទេវតា និងលោក ម៉ៅ មុនីវណ្ណ មនុស្សជំនិតរបស់លោក កឹម សុខា បែកធ្លាយជាសាធារណៈ មានអ្នកវិភាគលាក់មុខរបស់ កឹម សុខា ចេញមកវិភាគថា ជាសារនេះក្លែងក្លាយ ដើម្បីបញ្ចៀសកុំឱ្យគេដឹងឧបាកលរបស់លោកមេបក្សថ្មី ហើយលោក ម៉ៅ មុនីវណ្ណ ខ្លួនឯងក៏បាន ចេញមុខបដិសេធចោលផងដែរ។ ជារឿងពិត នរណាក៏អាចផលិតសារសារក្លែងក្លាយរបៀបឆ្លើយឆ្លងគ្នាបែបនេះបានដែរ អាចថា ជឿក៏បាន មិនជឿក៏បាន! ប៉ុន្តែស្រាប់តែមានការបែកធ្លាយសារជាសំឡេងតាមទូរស័ព្ទរវាងមេបក្សទេវតា និងមេថ្មីនៃបក្សព្រះអាទិត្យ ដែលនិយាយអំពីផែនការនៃការក្តោបក្តាប់យកបក្សព្រះអាទិត្យទាំងមូល។
អ្នកវិភាគមិនទាន់នឹងបានហើបមាត់វិភាគថា សំឡេងនេះក្លែងក្លាយ ឬកាត់តផងស្រាប់តែមេបក្សទេវតាចេញមុខមកបញ្ជាក់ជូនថា សំឡេងដែលបែកធ្លាយ នោះ គឺពិតជាសំឡេងរវាងរូបលោក និងមេបក្សថ្មីនៃបក្សព្រះអាទិត្យមែន។ ទីបំផុតអាថ៌កំបាំង នៅតែមិនអាចលាក់ជិតបាន! ទីបំផុតអ្នកសម រង្ស៊ី និយម អាចយល់បានអំពីសេណារីយ៉ូមួយនេះតាំងពីដើមមក ប៉ុន្តែមិនហ៊ាននិយាយ ព្រោះពុំមានភស្តុតាង ហើយខ្លាចបែកបាក់! តែបើមិននិយាយមានន័យថា ទុកឱ្យបក្សពណ៌លឿងមួយនេះ ដែលបានដាក់ទុនត្រឹមតែ៣កៅអីសោះ អាចលេបយកបក្សព្រះអាទិត្យទាំងមូល និងលេបយកការខំប្រឹងតស៊ូនយោបាយ រយៈពេល២០ឆ្នាំ របស់លោកមេបក្សចាស់។ មានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាក៏បានលើកយកព្រឹត្តិការណ៍នយោបាយថ្មីចុងក្រោយ ជាពិសេសសកម្មភាពនយោបាយរបស់លោក កឹម សុខា តាមកាលប្បវត្តិ ដែលបង្ហាញយ៉ាងច្បាស់ថា ការលេបយកបក្សព្រះអាទិត្យបាននាពេលនេះ គឺស្ថិតក្នុងផែនការរបស់បុរសពីរនាក់នេះមែន ដែលបានឆ្លើយឆ្លងគ្នាតាមទូរស័ព្ទតាំងពីរដូវភ្ជុំបិណ្ឌឆ្នាំមុនម្ល៉េះ។
២៖ បក្សីចាំក្រុង សូមលើកយកព្រឹត្តិការណ៍ធំៗចំនួន៤ ដែលបានកើតឡើងនាពេលចុងក្រោយនេះ ដើម្បីធ្វើជាទឡ្ហីករណ៍ពន្យល់អំពីផែនការ នៃការលេបយកបក្សព្រះអាទិត្យទាំងមូលដោយលោក កឹម សុខា និងក្រុមពណ៌លឿងរបស់គាត់។
ព្រឹត្តិការណ៍ធំទី១៖ គឺការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ក្នុងពេលដែល សម រង្ស៊ី ចេញទៅប្រទេសកូរ៉េ ដើម្បីកុំឱ្យ សម រង្ស៊ី ចូលស្រុកវិញ ព្រោះទាំង មេបក្សទេវតាទាំងលោក កឹម សុខា ដឹងចរិតអ្នកនយោបាយចាញ់ចាស់វស្សានេះច្បាស់ណាស់ គឺត្រចៀកស កំសាកញី មិនហ៊ានជាប់គុក ដូច អង់ សាន់ស៊ូជី នោះទេ! សម រង្ស៊ី ក៏ឆោតល្ងង់ទៅទៀត នៅពេលបានវិលត្រឡប់មកកម្ពុជាវិញ និងត្រូវរ៉ូវគ្នា ជាមួយមេបក្សទេវតា ក៏មិនចាប់អារម្មណ៍ និងមិនយកចិត្តទុកដាក់ថា តើទោសរបស់ខ្លួនដែលមានសាលក្រម ឬសាលដីកាស្ថាពរមានអីខ្លះ ដើម្បីសុំលើកលែងទោសទាំងអស់កុំឱ្យសល់ បែរជាភ្លេចគិតដល់សន្លឹកបៀមេបក្សទេវតា តាមរយៈការលើកលែងទោសខ្លះ ទុកខ្លះធ្វើជាសន្លឹកបៀក្នុងដៃ។ ដឹងហើយថា របៀបធ្វើនយោបាយរបស់ មេបក្សទេវតា គឺតែងមានសន្លឹកបៀលេងក្នុងដៃជានិច្ច។ បើទោះបីមេបក្សទេវតាអាចបញ្ជាអ្វីៗបានគ្រប់យ៉ាង ប៉ុន្តែបើគ្មានមូលដ្ឋានផ្លូវច្បាប់រឹងមាំ ដើម្បីធ្វើនោះទេ ក៏មិនចេះតែធ្វើដែរ ជាពិសេសជាមួយបក្សប្រឆាំងត្រូវតែច្បាស់លាស់ និងមានការប្រុងប្រយ័ត្នជានិច្ច។
បើមិនដូច្នេះទេ គឺតុលាការចេញដីកាចាប់ខ្លួនតំណាងរាស្រ្តទាំង៧នាក់ ដែលជាប់ក្តីក្តាំរឿងកុបកម្មនៅក្បែរស្ពាននាគឡើងវិញហើយ។ បើមិនចេញចាប់ គឺដោយសារមិនមានមូលដ្ឋានច្បាប់ ដើម្បីចេញចាប់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ហេតុអ្វីបានត្រូវចេញដីកាចាប់នៅពេលដែល សម រង្ស៊ី ទៅក្រៅប្រទេស គឺដើម្បីទុកឱ្យ កឹម សុខា ស្រូបយកប្រជាប្រិយភាពឱ្យបានគ្រប់គ្រាន់នៅក្នុងបក្សព្រះអាទិត្យក្នុងស្រុកសិន។
ព្រឹត្តិការណ៍ធំទី២៖ គឺការលើកលែងទោសឱ្យលោក កឹម សុខា។ តើព្រឹត្តិការណ៍នេះកើតឡើងដូចម្តេច? គឺកើតឡើង ដោយភ្ញាក់ផ្អើលបំផុត ហើយដែល អាចមានមនុស្សតែពីរនាក់ទេដែលដឹង គឺមេបក្សទេវតា និងលោកមេទ័ពរងនៃបក្សព្រះអាទិត្យ។ សូម្បីតែមេទ័ពធំនៃបក្សព្រះអាទិត្យដែលរត់គេចខ្លួន យកសុខនៅឯប្រទេសបារាំង ក៏មិនបានដឹងជាមុនដែរ ហើយក៏មិនដឹងថា តើអ្វីដែលជាថ្នូរនៃការលើកលែងទោសឱ្យ កឹម សុខា ? ព្រោះលោក សម រង្ស៊ី ដឹងច្បាស់ណាស់ គឺការលើកលែងទោសនេះ មិនអាចធ្វើឡើងដោយគ្មានថ្នូរនោះទេ ហើយថ្នូរនេះ គឺបានចាប់ផ្តើមនិយាយគ្នា តាំងពីរដូវភ្ជុំបិណ្ឌ ឆ្នាំមុនម្ល៉េះ។ គ្រប់គ្នានៅតែដាក់ជាសំណួរដដែលៗថា មូលហេតុអីបានជាត្រូវលើកលែងទោសឱ្យ កឹម សុខា បើថាមានសម្ពោធពីខាងក្រៅក៏មិនត្រូវ! បើថាមេបក្សទេវតាចិត្តល្អ ក៏មិនត្រូវ! ដល់ពេលគិតដល់ត្រង់នេះ បានគិតឃើញចំណោទមួយដ៏ធំដែលមិនទាន់រកចម្លើយឃើញ គឺ ហេតុអ្វីបានជាមេបក្សទេវតា មិនចាប់ខ្លួនលោក កឹម សុខា ព្រោះជាបទល្មើសជាក់ស្តែង ? ហេតុអ្វីបានជា កឹម សុខា មិនរត់គេចខ្លួនទៅក្រៅប្រទេស ហើយធ្វើទុក្ខខ្លួនឯងនៅក្នុងបក្សដើម្បីទាក់ទាញការអាណិតអាសូរ និងប្រជាប្រិយភាពដោយបង្ហាញថា មិនកំសាកញីរត់ចោលស្រុក រត់ចោលបក្ស សង្រ្គោះជាតិជាដាច់ខាត។ តើអ្វីៗជាឆាកល្ខោនដើម្បីអនុវត្តជាជំហានៗដើម្បីទៅសម្រេចផែនការរួមឬទេ ?
ព្រឹត្តិការណ៍ធំទី៣៖ គឺការតែងតាំងប្រធានក្រុមភាគតិចនៅរដ្ឋសភាជំនួសលោក សម រង្ស៊ី និងការរំលាយទៅវិញនូវប្រធានក្រុមមតិភាគតិចនេះទៅវិញ។ បើតែងតាំងហើយ ហេតុអ្វីត្រូវរំលាយទៅវិញ ? ទី១-គឺត្រូវបង្ហាញថា លោក កឹម សុខា មានទំនាស់នឹងមេបក្សទេវតា មិនព្រមធ្វើតាមមេបក្សទេវតា ដើម្បីការពារលោក សម រង្ស៊ី ហើយលួចខ្សឹបប្រាប់ សម រង្ស៊ី ថាជារឿងសំងាត់ ហើយ កឹម សុខា ស្មោះស្ម័គ្រនឹង សម រង្ស៊ី ណាស់ប្រាប់រឿងសំងាត់ ទំាងអស់ឱ្យ សម រង្ស៊ី បានដឹង! តើប្រាប់អស់ទេ ! ចុះបើរឿងនេះគ្រាន់តែជាលេសស៊ីយកខាងក្នុង នោះមិនវីវរហើយ សម្រាប់លោក សម រង្ស៊ី ! អ្វីដែលយើងត្រូវដឹងគឺថា ការធ្វើបក្សប្រហារដោយកំលាំង គឺមិនអាចទៅរួចនោះទេ ហើយហួសសម័យទៅទៀត ហើយបើធ្វើមិនស្រួល គឺយកបានតែមួយ ចំហៀងនោះទេ នៅមុនការបោះឆ្នោត។ ដូចនេះត្រូវប្តូរវិធីធ្វើវិញ គឺត្រូវធ្វើដូចម្តេចដើម្បីលេបយកបក្សព្រះអាទិត្យឱ្យបានទាំងមូល ហើយដោយមាន ហេតុផលសមរម្យទាំងផ្លូវនយោបាយ ទាំងផ្លូវច្បាប់។ ការលើកទង់ប្រឆាំងនឹងមេបក្សទេវតា គឺមានន័យថា ខាបយកព្រលឹងរបស់បក្សព្រះអាទិត្យទាំងមូល ដោយរួមទាំងព្រលឹងរបស់លោក សម រង្ស៊ី ដែលមេបក្សទៅទៀត! ដូចនេះផែនការដើម្បីឱ្យក្រុម សម រង្ស៊ី ជឿស៊ុបមែនទែន ដោយរួមទាំង លោក សម រង្ស៊ី ខ្លួនឯងផងនោះ គឺត្រូវបំផ្លាញប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាចោល ! នេះជាផ្នែកមួយនៃផែនការ !
ព្រឹត្តិការណ៍ធំទី៤៖ គឺការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ! ហេតុអ្វីមិនធ្វើពីមុនមក ហើយមកធ្វើអីពេលនេះ? ពីមុនមេបក្សទេវតា បានប្រកាសថា នឹងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីហាមឃាត់អ្នកមានសញ្ជាតិពីរមិនឱ្យធ្វើជាបក្សនយោបាយ ដូចករណី នៅគជប ដែរ ប៉ុន្តែក្រោយមកហេតុអីក៏លុបចោលផែនការនោះទៅវិញ? ចម្លើយដែលទើបនឹងដឹង គឺដោយសារអ្វីៗមិនទាន់រួចរាល់ ហើយបើធ្វើពេលនោះ បើលេបយកបក្សព្រះអាទិត្យបានតែមួយចំហៀងនោះទេ។ ដូចនេះ អ្វីៗត្រូវរង់ចាំឱ្យសភាពការណ៍បានទុំជោរបន្តិចសិន ពិសេសគឺពង្រឹងប្រជាប្រិយភាព របស់មេបក្សអាវលឿង នៅក្នុងបក្សព្រះអាទិត្យ។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីហាមអ្នកមានទោសមិនឱ្យធ្វើមេបក្ស គឺវាច្បាស់ក្រឡែតពេក គឺរុញ សម រង្ស៊ី ចេញដាក់ កឹម សុខា ចូល ទោះបីអ្នកមិនស៊ីជម្រៅផ្នែកនយោបាយក៏អាចយល់បានដែរ ហើយនេះ ជាផ្នែកសំខាន់ជាងគេក្នុងផែនការរបស់បុរសពីរនាក់ ដែលបញ្ចេញឱ្យដឹងថា តាមរយៈសារជាសំឡេងដែលបែកធ្លាយ។
៣៖ ឆាកល្ខោននេះល្អិតល្អន់ណាស់ មានគ្រប់រស់ជាតិ ហើយតួសំដែងទៀតសោត គឺសំដែងបានល្អ ប្រកបដោយទេពកោសល្យដ៏ប៉ិនប្រសប់។ ទស្សនិកជនបានទះដៃសរសើរទាំងតួមិនទាន់សំដែងចប់ សាច់រឿងមិនទាន់យល់អស់ផង ព្រោះអ្វីទៅ ? ព្រោះមានមេខ្យល់ជួយជំរុញបន្ថែម។ សម រង្ស៊ី ដែលមិនទាន់នឹងបានដឹងថា ខ្លឹមសារច្បាប់ដែលបក្សទេវតារៀបចំកែសម្រួលមានន័យយ៉ាងដូចម្តេចផង ក៏បានប្រកាសលាលែងភ្លាមពីមេបក្ស ដោយស្លន់ស្លោខ្លាចគេរំលាយបក្ស ហើយតាំងធ្វើជាវីរបុរសមិនស្តាយតំណែង! ខ្មេះ! តាមដាននយោបាយនគរនេះរាប់ឆ្នាំ រហូតដល់សក់សព្រាត ទៅហើយ រឿងអីមិនស្គាល់ចរិតនយោបាយរបស់ សម រង្ស៊ី ! សម រង្ស៊ី ខ្លាចបំផុត រឿងគេស៊ីបក្សរហូតចុងក្រោយដាក់ឈ្មោះបក្សរបស់ខ្លួនថា «គណបក្ស សម រង្ស៊ី»។ ពេលចេញទៅរកស៊ីចូលហ៊ុនបង្កើតបក្សជាមួយ កឹម សុខា គឺ សម រង្ស៊ី មិនភ្លេចការប្រុងប្រយ័ត្ននោះទេ ទោះបី គង់ គាំ ធ្វើប្រធានបក្ស ក៏ដោយ គឺបានកែប្រែលក្ខន្តិកៈចែងបន្ថែមថា ពេល សម រង្ស៊ី ត្រឡប់មកវិញ គឺនឹងបានជាប្រធានបក្សដោយស្វ័យប្រវត្តិ។ ពាក្យចាស់ពោលថា «ត្រូវគិតមុខ គិតក្រោយ! ត្រូវមើលមុខ មើលក្រោយ!»
៤៖ តាមពិត នៅពេលសម្រេចលាលែងពីប្រធានបក្ស សម រង្ស៊ី ក៏បានត្រៀមទុកដែរនូវសេណារីយ៉ូ សម្រាប់បន្តដឹកនាំបក្សក្នុងឋានៈជាប្រធានស្រមោល ហើយតំណែងប្រធានបក្សរបស់ខ្លួនត្រូវទុកឱ្យនៅទំនេរសិន ឬដាក់ប្រធានបក្សដែលជាមនុស្សជំនិតរបស់គាត់ ដើម្បីបង្កើតសេណារីយ៉ូ ថាក់ស៊ីន។ ប៉ុន្តែ ការលាលែងរបស់លោក សម រង្ស៊ី គឺជាឱកាសមាសរបស់ កឹម សុខា ដែល១០០០ឆ្នាំមិនទាន់ជួបម្តងផង ! ដូចនេះអ្វីដែល កឹម សុខា ត្រូវធ្វើ គឺត្រូវខិតខំធ្វើដូចម្តេចឱ្យ សម រង្ស៊ី ក្រៅពីលាលែងគឺប្រគល់កៅអីមេបក្សព្រះអាទិត្យនេះ មកឱ្យខ្លួនដោយស្ម័គ្រចិត្ត ដោយដៃពីរ! ដូចនេះក្រៅពីបំភ័យ រឿងបក្សព្រះអាទិត្យអាចត្រូវបានរំលាយ បើ សម រង្ស៊ី នៅបន្តធ្វើជាប្រធានបក្ស ដោយសារ សម រង្ស៊ី មានស្ពាយទោសជាប់ខ្លួននោះ កឹម សុខា ត្រូវរៀបចំផែនការបន្តទៀតជាមួយមេបក្សទេវតា ដើម្បីបំផ្លាញសេណារីយ៉ូប្រធានស្រមោលរបស់ សម រង្ស៊ី។ ទីបំផុត សេណារីយ៉ូនេះ បានស្លាប់ទាំង មិនទាន់កើត! ច្បាប់ថ្មីក៏បានចែងថា គណបក្សទាំងអស់ដាច់ខាតត្រូវជ្រើសរើសឱ្យមានប្រធានបក្ស បើពុំដូច្នោះ គឺខុសច្បាប់។ ចំពោះសេណារីយ៉ូ ថាក់ស៊ីន ក៏មិនអាចអនុវត្តបាន ព្រោះវានឹងធ្វើឲ្យបក្សបែកជាពីរ ដោយសារតែ កឹម សុខា មិនព្រមឲ្យមានអ្នកនៅពីលើ។ ម្យ៉ាងដែរ ដើម្បីកុំឲ្យបក្សបែក សុខចិត្តឱ្យ កឹម សុខា លេបយកបក្សទាំងមូល! គួរឱ្យសរសើរ គួរឱ្យសរសើរចំពោះពលីកម្មនេះ! ប៉ុន្តែសួរថា តើអ្នកតស៊ូនយោបាយជាមួយ សម រង្ស៊ី ទាំងអស់ ទាំងថ្នាក់ក្រោម ទាំងថ្នាក់លើ យល់ព្រមឱ្យ សម រង្ស៊ី លក់ឲ្យ កឹម សុខា ដោយគ្មានតំលៃបែបនេះដែរ ឬទេ?
៥៖ ផែនការជំហានទី១ ដើម្បីឡើងធ្វើប្រធានបក្សមិនអាចពន្យារបានទេ ទាន់ឱកាសមាសមកដល់! ដូចនេះសមាជវិសាមញ្ញត្រូវតែធ្វើ ហើយជំរុញធ្វើឱ្យ បានលឿនបំផុត ដើម្បីឡើងធ្វើប្រធានបក្សឱ្យបានឆាប់ មុនពេលវាំងននត្រូវរបើក! ចឹងហើយបានជាអ្នកវិភាគខ្លះលើកឡើងថា ការលាលែងរបស់ សម រង្ស៊ី គឺធ្វើឡើងដោយឆោតល្ងង់! បើលោក សម រង្ស៊ី មិនទាន់លាលែង ហើយត្រូវនៅរង់ចាំមើលខ្លឹមសារច្បាប់សិនដើម្បីគេចច្បាប់ឱ្យបានល្អ និងរៀបចំ យុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ នោះអាចធានាដំណោះស្រាយគេចផែនការលេបបក្សរបស់ក្រុមពណ៌លឿងបាន។ បើ សម រង្ស៊ី មិនទាន់លាលែង គឺ សម រង្ស៊ី នៅសល់ពេលវេលាធ្វើជាប្រធានបក្សព្រះអាទិត្យ រហូតដល់ការបោះឆ្នោតឃុំសង្កាត់ចប់សព្វគ្រប់ ព្រោះច្បាប់ទុកពេលឱ្យគាត់៩០ថ្ងៃ ក្រោយច្បាប់ចូលជាធរមាន ដើម្បីលាលែង។
៦៖ អ្វីដែល កឹម សុខា គិតបារម្ភជាទីបំផុត គឺនៅពេលឡើងធ្វើជាប្រធានបក្សហើយនោះ បក្សព្រះអាទិត្យនឹងបែកជាពីរវិញហើយ កឹម សុខា នឹងនៅសល់ តែដៃទទេ ព្រោះកាបោះឆ្នោតមិនទាន់បានធ្វើនៅឡើយ។ វាសនាបក្សព្រះអាទិត្យរបស់ កឹម សុខា ក៏នឹងមិនខុសគ្នានឹងវាសនា របស់បក្សហ្វុនស៊ិនប៉ិច ពីមុនដែរ។ ដូចនេះ កឹម សុខា ត្រូវប្រមូលផ្តុំយុទ្ធសាស្រ្ត និងរៀបចំផែនការលួងលោម សម រង្ស៊ី និងក្រុមរបស់គាត់ ដើម្បីប្រើសិន និងដើម្បីកុំបែកចេញ នៅមុនការបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្ត។ ដូចនេះពីពេលនេះតទៅ សារនយោបាយរបស់ កឹម សុខា គឺការរួបរួមគ្នា សាមគ្គីភាពគ្នា ដើម្បីសង្រ្គោះជាតិ និងដើម្បីជ័យជំនះនាពេលបោះឆ្នោតខាងមុខ ដើម្បីកុំឱ្យមានការបែកបាក់ ហើយកុំឱ្យគិតពីរឿងផែនការ កឹម សុខា លេបយកបក្ស! បើ សម រង្ស៊ី និងក្រុមរបស់គាត់ បែកចេញពីបក្សព្រះអាទិត្យក្រោយការបោះឆ្នោតឃុំសង្កាត់ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតតំណាងរាស្រ្តនោះគឺ សម រង្ស៊ី និងក្រុមរបស់គាត់ ត្រូវដើរចេញដោយខ្លួនទទេ ដោយទុកកៅអី និងអាសនៈទាំងអស់ឱ្យនៅជាមួយ បក្សព្រះអាទិត្យរបស់លោក កឹម សុខា និងក្រុមរបស់គាត់។ ក្នុងសេណរីយ៉ូនេះ បក្សព្រះអាទិត្យ នឹងប្រែក្លាយជាពណ៌លឿង ហើយមិនត្រឹមតែមិនមាន វាសនាដូចបក្សហ្វុនស៊ិនប៉ិច ប៉ុន្តែបែរជាកាន់តែរឹងមាំទៅវិញ ដោយសារមានកំលាំងគាំទ្រនៅថ្នាក់ក្រោម និងថ្នាក់កណ្តាល កាន់តែច្រើន! ពីបក្សពណ៌ លឿងមួយដែលមានតែ៣កៅអី ក្លាយទៅជាបក្សពណ៌លឿងដែលគ្រប់គ្រងបានមួយចំហៀងប្រទេសទៅវិញ! «បើព្រះអាទិត្យដែលអាចបញ្ចេញកាំរស្មី មកជាព៌ណលឿងដូចនេះ នោះគឺជាព្រះអាទិត្យដែលមិនត្រូវការពន្លឺភ្លើងទៀតឡើយ!»
ដោយ៖ បក្សីចាំក្រុង