(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត ២៧គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបជាង ៧០លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News ថា ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ ដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ មានប្រវែងជិត ១៧គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងសសៃដែក។ ផ្លូវនេះ មានទទឹងសរុបប្រវែង ២៣ម៉ែត្រ មានទទឹងទ្រូងផ្លូវសម្រាប់ចរាចរណ៍ជាង ១៨ម៉ែត្រ។ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២នេះ ចាប់ផ្តើមពីមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ភ្លើងស្តុបរតនៈផ្លាសា ឬ ភ្លើងស្តុបផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រត់កាត់តាមបណ្តោយផ្លូវណ័ដប្រ៊ីដ ផ្លូវទ្រុងមាន់ ផ្លូវភូមិទួលពង្រ ផ្លូវទំនប់ ៧មករា ផ្លូវ ៦០ម៉ែត្រ ហៅមហាវិថីតេជោ តភ្ជាប់ទៅផ្លូវជាតិលេខ២ ត្រង់គីឡូម៉ែត្រលេខ ១៤+៤១៧ ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើង នៅត្រង់ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល និងតភ្ជាប់ទៅផ្លូវលេខ១១៥ និងស្ពានមិត្តភាពកម្ពុជា-ចិន ក្រុងតាខ្មៅ។
កំណាត់ផ្លូវនេះគ្រោងចំណាយថវិកាសាងសង់ជិត ៦២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ផ្លូវនេះ គ្រោងចំណាយពេលសាងសង់ប្រមាណ ៣៦ខែ ដែលគ្រោងនឹងបញ្ចប់នៅចុងខែឆ្នាំ២០១៩។
ដោយឡែកផ្លូវដែលបើកសម្ពោធដាក់ឲ្យប្រើប្រាស់វិញ គឺជាមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ដែលជាផ្លូវខ្សែក្រវាត់ក្រុងទី២ កំណាត់ទី១។ ផ្លូវនេះ មានប្រវែងសរុបជាង ១០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងសសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវប្រវែង ២២ម៉ែត្រ ដោយមានសួនច្បារ និងដាំបង្គោលភ្លើងនៅចំកណ្តាល។ ផ្លូវកំណាត់ទី១ ដែលដាក់ឲ្យប្រើប្រាស់នេះ ចាប់ផ្តើមពីទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌសែនសុខ។
មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ឬ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១នេះ ចំណាយថវិកាសាងសង់ប្រមាណ ១០លានដុល្លារ ក្នុងនោះ ៥០ភាគរយជាថវិការបស់សាលារាជធានីភ្នំពេញ និង ៥០ភាគរយ ជាថវិកាបដិភាគរបស់សាលាក្រុងហាណូយ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរផ្លូវក្រវាត់ក្រុងខ្សែទី២នេះ នឹងធ្វើឲ្យចរា ចរណ៍ និងការដឹកជញ្ជូនមានភាពងាយស្រួលជាងមុន និងជួយសម្រួលចរាចរណ៍រាជធានីភ្នំពេញ មិនឲ្យកកស្ទះច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរយៈពេល នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជំរុញការដឹកជញ្ជូន ការផ្គត់ផ្គង់ភស្តុភារ និងទំនិញពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសតភ្ជាប់ទៅ តំបន់ទំនប់កប់ស្រូវ ដែលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំង និងប្រែក្លាយទៅជាមជ្ឈមណ្ឌល ស្តុកទុកផ្គត់ផ្គង់ និងចែកចាយ ទំនិញនៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ និងទៅទីក្រុងហូជីមិញប្រទេសវៀតណាម។
លោកទេសរដ្ឋមន្រ្តីបន្តថា ផ្លូវនេះ ក៏នឹងជួយកែលំអ និងបង្កើនសោភ័ណភាពរាជធានីភ្នំពេញ ជួយជំរុញបន្ថែម ការអភិវឌ្ឍរីកចម្រើន ដល់បណ្តាខណ្ឌនានា នៅតាមតំបន់អមសងខាងផ្លូវផងដែរ ព្រមទាំងអាចទាក់ទាញការវិនិយោគ បន្ថែមទៀត និងបម្រើឲ្យវិស័យទេសចរណ៍ស្របតាមការរីកចម្រើន និងការអភិវឌ្ឍថ្មីៗ របស់រាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានហៅផ្លូវក្រវាត់ក្រុងនេះថា ជាផ្លូវយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបកំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងកើនដល់ជិត ៣លាននាក់ និងកំណើនយានយន្តជាង ២លានគ្រឿង។ លោកអភិបាលថា ផ្លូវនេះ នឹងជួយរំដោះចរាចរណ៍រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងរាជធានីភ្នំពេញ ហើយក៏ជួយទាញបណ្តារោងចក្រ នានាទៅកាន់ជាយរាជធានីភ្នំពេញផងដែរ។
បើតាមលោក ប៉ា សុជាតិវង្ស ក្រៅពីផ្លូវក្រវាត់ក្រុងខ្សែទី២នេះ ផ្លូវក្រវាត់ក្រុងខ្សែទី៣ និងទី៤ ក៏កំពុងសិក្សាផងដែរ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ខណៈផ្ទៃដីរាជធានីភ្នំពេញនាពេលបច្ចុប្បន្នកើនដល់ជិត ៧០០គីឡូម៉ែត្រ៕