(ព្រះសីហនុ)៖ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បានកើតមានអំពើហិង្សាព្រៃផ្សៃមួយ បង្កដោយក្រុមជនទំនើបចំនួន ៥នាក់ បានជិះម៉ូតូ២គ្រឿង កាន់ដាវ២ដើម ដេញកាប់ជនរងគ្រោះម្នាក់ទៀត ឡើងរយាស់ក្បាល បាក់ជើងឆ្វេង និងរងរបួសកន្លែងមួយចំនួនទៀត ដោយសារមើលមុខឌឺដាក់គ្នា និងទាស់សម្ដីគ្នាបន្តិច។
ក្រោយជួបគ្រោះថ្នាក់ខាងលើ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានដំណឹងចេញពីមន្ទីរពេទ្យភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញរបស់ ការិយាល័យកណ្តាលព្រហ្មទណ្ឌ ចេញតាមចាប់ជនសង្ស័យ ដោយសហការជាមួយកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋានស្រុកស្ទឹងហាវ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា កម្លាំងនគរបាលចម្រុះបានឃាត់ខ្លួនបានជនសង្ស័យ ៥នាក់ (ដេញចាប់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ បាន២នាក់ និងនៅស្រុកស្ទឹងហាវ បាន៣នាក់) ១៖ ឈ្មោះ សុខ ដារ៉ូ អាយុ១៦ឆ្នាំ ២៖ ឈ្មោះ វង្ស ពិសិដ្ឋ អាយុ១៥ឆ្នាំ ៣៖ ឈ្មោះ ម៉ៅ ចាន់បូរ៉ា អាយុ២១ឆ្នាំ ៤៖ ឈ្មោះ ហ៊ន វីរៈ អាយុ១៧ឆ្នាំ និង៥៖ ឈ្មោះ យាង មករា អាយុ១៥ឆ្នាំ។
ចំណែកជនរងគ្រោះមានគ្នាតែម្នាក់ ឈ្មោះ តាំ សុខងួន អាយុ២០ឆ្នាំ មានទីលំនៅភូមិអ៊ុងក្នុង ឃុំរាម ស្រុកព្រៃនប់ ត្រូវក្រុមជនសង្ស័យកាប់ត្រូវក្បាល២ដាវ បាក់ឆ្អឹងជើងខាងឆ្វេង របួសប្រអប់ដៃខាងស្តាំ និងកជើងខាងស្តាំទៀត។
កម្លាំងនគរបាលដកហូតបានដាវ១ដើម ហើយនៅមានដាវ១ដើមទៀត តែជនសង្ស័យបានបោះចោលក្នុងព្រៃ រកមិនទាន់ឃើញ និងម៉ូតូចំនួន ២គ្រឿងទៀត។
លោកស្នងការ ជួន ណារិន្ទ បានប្រាប់បន្តថា មូលហេតុដែលនាំឲ្យកើតអំពើហិង្សានេះឡើង ដោយសារក្មេងទំនើងទាំងនោះ មើលមុខឌឺដាក់គ្នា និងទាស់ពាក្យសម្តីគ្នា ទើបឈានដល់ដេញកាប់ជនរងគ្រោះគ្មានត្រាប្រណីតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងជំនាញកំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕