(ភ្នំពេញ)៖ មន្រ្តីសកម្មជនដ៏សំខាន់មួយរូបរបស់គណបក្សប្រឆាំង លោក សួង សុភ័ណ្ឌ ដែលជាអតីតប្រធានក្រុមការងារ និងជាអតីតបេក្ខជន តំណាងរាស្រ្ត ប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានយុវជនគ្រប់ជាន់ថ្នាក់របស់គណបក្ស សម រង្ស៊ី បានថ្លែងបញ្ជាក់ប្រាប់បណ្តាញ សារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃអាទិត្យនេះថា លិខិតលាលែងចេញពីបក្សនោះ ជាលិខិតពិតប្រាកដរបស់លោក ហើយនៅថ្ងៃស្អែកលោកនឹង ធ្វើសន្និសិទមួយ ដើម្បីប្រកាសទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង ព្រោះលោក កឹម សុខា ជាមនុស្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក សួង សុភ័ណ្ឌ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ស្អែកនេះវេលាម៉ោង៤រសៀល លោកនឹងធ្វើសន្និសីទកាសែតមួយ នៅស្តូបគោរពវិញ្ញាណក្ខន្ធ កោះពេជ្រ ព្រមទាំងប្រកាសទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងប្រធានបក្ស ព្រោះក្រោយបែកធ្លាយសម្លេង ពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបង្ហាញច្បាស់ថា លោក កឹម សុខា និងសម្តេចតេជោ ជាមនុស្សតែមួយ និងជាមនុស្សធ្វើការឲ្យ នាយករដ្ឋមន្រ្តី ហ៊ុន សែន។
អតីតបេក្ខជនតំណាងរាស្រ្តខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា៖ «លោក ហ៊ុន សែន និងលោក កឹម សុខា ជាមនុស្សតែមួយ លោក កឹម សុខា ជាមនុស្សធ្វើការឲ្យលោក ហ៊ុន សែន មូលហេតុអ្វីបានជាខ្ញុំបញ្ជាក់កន្លែងនេះ ព្រោះព្រឹត្តិការណ៍ច្រើនលើកច្រើនសារជាក់ស្តែង ការកកើតគណបក្សសិទ្ធិមនុស្ស ការពិតទៅខ្ញុំមិនមែនអ្នកនិយាយទេ លោក សម រង្ស៊ី ទេជាអ្នកនិយាយ ការកកើតគណបក្សសិទ្ធិមនុស្សយើងឃើញ សមាជនៅទីណា គឺសមាជនៅពហុកីឡដ្ឋានជាតិអូឡាំពិក បើមិនមានការគាំទ្រពីរដ្ឋាភិបាលពីក្រោយខ្នង គណបក្សសិទ្ធិមនុស្ស ក៏មិនអាចរៀបចំបានដែរ ហើយនៅពេលនោះមានកងកម្លាំង មានស្អី ត្រួតពិនិត្យ និងមានការយាមកាមគ្រប់បែបយ៉ាងទាំងអស់ ដូច្នេះខ្ញុំតែងតែតាមដានសកម្មភាពកន្លងៗមក ហើយជាក់ស្តែងថ្មីៗនេះក្រោយពីកិច្ចចរចារវាងលោក ហ៊ុន សែន ជាមួយលោក កឹម សុខា បានចរចាហើយ យើងឃើញថាមេឃុំម្នាក់ នៅគណបក្ស សង្រ្គោះជាតិ ត្រូវបានចេញពីគុក បន្ទាប់មកលោក ហ៊ុន សែន ក៏បាននិយាយថា លោក កឹម សុខា ហ្នឹងមិនគោរពកិច្ចសន្យារយៈពេល៣ថ្ងៃ នៃកិច្ចសន្យា ហើយខ្ញុំយល់ឃើញថា ធម្មតារឿងបញ្ចេញតែប៉ុណ្ណឹង ប៉ុន្តែរឿងពិតនៅពីខាងក្រោយហ្នឹង គឺមានច្រើនលើសលប់ ហើយក្នុងនោះក៏មិនមែនតែខ្ញុំទេ បងប្អូន ប្រជាពលរដ្ឋមួយចំនួនធំ និងអ្នកនយោបាយក៏គាត់យល់ថា ពាក់ព័ន្ធសារសម្លេង ពាក់ព័ន្ធអ្វីគ្រប់បែបយ៉ាងស្តាប់ឲ្យច្បាស់ទៅឃើញថា អានេះជារឿងពិត»។
លោកបានថ្លែងយ៉ាងដូច្នេះទៀតថា៖ «ហើយអីដែលខ្ញុំធ្វើនេះ គោលបំណងខ្ញុំធំមែនទែន គឺទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងពីប្រធាន គណបក្សសង្រ្គោះជាតិ ខ្ញុំសំណូមពរឲ្យលោក កឹម សុខា ក្នុងនាមខ្ញុំជាអតីតបេក្ខជនតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមការងារ របស់គណបក្សសង្រ្គោះជាតិផងនោះ ការលាលែងរបស់ខ្ញុំនេះមិនទទួលបានផលប្រយោជន៍អីមកខ្ញុំទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋ អ្នកស្នេហាជាតិ ខ្ញុំអត់ចង់ឲ្យជនណាមួយយកអ្នកស្នេហាជាតិ ក្រុមអ្នកស្នេហាជាតិធ្វើជាឈ្នាន់ទេ»។
«ការលាលែងរបស់ខ្ញុំនេះ គឺទទូចទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង...ហើយយកលោកស្រី មូរ សុខហួរក៏បាន លោក គង់ គាំ ក៏បាន ឡើងធ្វើជាប្រធានគណបក្ស នេះជាអ្វី ដែលខ្ញុំចោទប្រកាន់លោក កឹម សុខា ច្បាស់តែម្តង គឺថាលោក កឹម សុខា ជាមនុស្សរបស់លោក ហ៊ុន សែន» នេះបើតាមការបញ្ជាក់ពីលោក សួង សុភ័ណ្ឌ ឲ្យដឹងបន្ថែមយ៉ាងដូច្នេះ។
សូមជំរាបថា បន្ទាប់ពីបែកធ្លាយសារសម្លេងសន្ទនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ, ដោយនៅថ្ងៃអាទិត្យនេះមន្រ្តីសកម្មជនដ៏សំខាន់ម្នាក់ របស់គណបក្សប្រឆាំងប្រចាំខេត្តប៉ៃលិន បានដាក់លិខិតលាលែងពីបក្សដោយ អះអាងថា លោក កឹម សុខា និងសម្តេចតេជោ ហ៊ុន សែន ជាមនុស្សតែមួយ។ នេះបើយោងតាមលិខិតលាលែងរបស់លោក សួង សុភ័ណ្ឌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីមន្រ្តីបក្សប្រឆាំងមួយរូបសុំមិនញ្ចេញឈ្មោះ។
លិខិតរបស់លោក សួង សុភ័ណ្ឌ ជាអតីតប្រធានក្រុមការងារ និងជាអតីតបេក្ខជនតំណាងរាស្រ្តប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានា យុវជនគ្រប់ជាន់ថ្នាក់របស់គណបក្ស សម រង្ស៊ី និងជាសមាជិកបក្ស បានសរសេរបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «សំណើសុំលាលែងពី គណបក្សសង្រ្គោះជាតិ, ដោយមូលហេតុ ខ្ញុំតាមដាន និងសង្កេតដោយផ្អែកលើភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា និងលោក ហ៊ុន សែន ជាមនុស្សតែមួយ។ លោក កឹម សុខា ធ្វើការតាមបញ្ជារបស់លោក ហ៊ុន សែន ដោយរៀបចំផែនការបំបែកលោក សម រង្ស៊ី ឲ្យចេញក្រៅ សង្វៀននយោបាយនៅកម្ពុជា ដែលលោកជាអ្នកនយោបាយសេ្នហាជាតិ មាតុភូមិពិតប្រាកដ»។ លោក សួង សុភ័ណ្ឌ បញ្ជាក់ក្នុងលិខិតលាលែងនេះថា «ចាប់ពីពេលនះតទៅ ខ្ញុំមិនស្ថិតនៅក្នុងគណបក្សសង្រ្គោះជាតិទៀតទេ»។
មន្រ្តីគណបក្សគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើលិខិតមកនេះ ព្រមទាំងបាននិយាយប្រាប់ឲ្យដឹងបន្ថែមថា៖ ក្រោយពីបែកធ្លាយសម្លេង ពិភាក្សាគ្នារវាងលោក កឹម សុខា ជាមួយសម្តេចតេជោ ហ៊ុន សែន មកនោះ, នៅពេលនេះមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនធំ មានការអាក់អន់ចិត្ត និងស្រងាកចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់លោក កឹម សុខា ដែលបានរៀបចំផែនការកំចាត់លោក សម រង្ស៊ី ចេញ ដើម្បីដណ្តើមយកកៅអីមេបក្ស តាមការណែនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជំរាបថា សារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយនៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ តាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះសីហា និងសាររវាងនាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា ក៏ត្រូវបានបែកធ្លាយផងដែរកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសារសម្លេងសន្ទនាដ៏សំខាន់នេះ មានរយៈពេលជាង២០នាទី ដែលលោក កឹម សុខា លួចទំនាក់ទំនងចរចាយ៉ាងសម្ងាត់ជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនោះ គឺដើម្បីរៀបចំផែនការកំចាត់លោក សម រង្ស៊ី ចេញពីបក្ស ហើយលោក កឹម សុខា ខ្លួនឯង ឡើងជំនួសវិញ។ ក្រៅពីរៀបចំផែនការដណ្តើមបក្ស, លោក កឹម សុខា ក៏បានស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរួចផុតពីការចោទ ប្រកាន់ទោសនៅតុលាការ ព្រមទាំងសុំការឯកភាពពីសម្តេចបានទៅចុះឈ្មោះបោះឆ្នោតផងដែរ៕
សូមស្តាប់សម្លេងរបស់លោក សួង សុភ័ណ្ឌ ដែលរិះគន់ និងទាមទារឲ្យលោក កឹម សុខា ចេញពីតំណែង៖