(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី ទទួលបានអំណរគុណ និងសេចក្ដីជឿទុកចិត្ត ពីសំណាក់ ប្រជាពលរដ្ឋដ៏ច្រើន ក្នុងមូលដ្ឋានភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខណៈដែលលោកបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល និងផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋ និងកសាងសមិទ្ធផល នៅតាមមូលដ្ឋានានាផងនោះ។
សេវាពិនិត្យព្យាបាល និងផ្តល់ថ្នាំសង្កូវជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងដោយមិនប្រកាន់និន្ននាការនេះ បានផ្ដល់ជូនប្រជាពលរដ្ឋប្រមាណជាង២០០គ្រួសារ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ។
នៅចំពោះមុខ លោក ថង សាវុន ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែង អំណរគុណចំពោះលោក ដែលបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងផ្តល់ថ្នាំជូនពួកគាត់ ដោយឥតគិតថ្លៃ នៅក្នុងឱកាសនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧នេះ។
ប្រជាពលរដ្ឋបាន កោតសរសើរមិនដាច់ពីមាត់ថា លោកអភិបាលខេត្ត ថង សាវុន ជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយនៅពេលនេះ លោកអភិបាលខេត្តបាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាល និងផ្តល់ថ្នាំជូនដោយឥតគិតថ្លៃផងដែរ។
ប្រជាពលរដ្ឋបានបន្តថា សមិទ្ធផលមួយចំនួន ដែលលោកអភិបាលខេត្ត បានសន្យាជាមួយប្រជាពលរដ្ឋ ក៏បានសាងសង់ សម្រេចជាស្ថាពរហើយដែរ ក្នុងនោះរួមមាន សាលារៀន១ខ្នង មាន៤បន្ទប់ សាលាឆទាន សម្រាប់ធ្វើពិធីបុណ្យទាននានា និងផ្លូវភ្ជាប់ពីភូមិរបស់ពួកគាត់ទៅស្រុកលំផាត់ ដែលផ្លូវនេះ កំពុងតែដំណើរការសាងសង់៕