(ភ្នំពេញ)៖ លោក កឹម សុខា ក្រសោបបាន និងលេបបានគណបក្សសង្គ្រោះជាតិហើយ។ ក្នុងកាលៈទេសៈនេះ ក៏គ្មានអ្នកណាហ៊ាន ចេញមុខធ្វើបក្សប្រហារបក្សភ្លាមៗដណ្តើមយកពីលោក កឹម សុខា វិញនោះដែរ។
ទាំងសមត្ថភាព និងប្រជាប្រិយភាពរបស់លោក កឹម សុខា គឺមិនខ្លាំងទេ បើប្រៀបធៀបត្រឹមជាមួយលោក សម រង្សីុ! ចុះហេតុអ្វីបានជាលោក កឹម សុខា អាចលេបយកបក្សសង្គ្រោះជាតិបានស្រួលយ៉ាងនេះ? ករណីនេះ គឺមិនមែនពស់ថ្លាន់លេបកង្កែបទេ តែនេះគឺ «កង្កែបលេបពស់ថ្លាន់!» តែម្តង ។ ចុះអីក៏អស្ចារ្យយ៉ាងនេះ?
គេនាំគ្នាវិភាគអញ្ចេះអញ្ចុះ តែវាពិតជាមានការពិតរបស់វា ! ទាល់តែបែកធ្លាយការសន្ទនារបន្តបន្ទាប់តាមហ្វេសបុក សីហា ជាពិសេសខ្សែអាត់សំលេង សន្ទនាជាង២០នាទី រវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ហើយផ្ទៀងផ្ទាត់ជាមួយសកម្មភាពរបស់លោក កឹម សុខា ទើបដឹងថា៖ «ការពិត គឺមានជំនួយពីមេទេវតាទើប កឹម សុខា មានថ្ងៃនេះ!»។ «ការពិត គឺមានជំនួយពីមេទេវតា ទើបកង្កែបអាចម៍គោអាចលេបពស់ថ្លាន់បាន!»។
គេអាចរិះគន់ សីហា ដែលទម្លាយខ្សែអាត់សំឡេងឯកជន។ ក៏ប៉ុន្តែអ្វីមួយដែលគេត្រូវឲ្យតម្លៃ សីហា គឺគាត់ហ៊ានប្រថុយគ្រោះថ្នាក់តាមស្រាវជ្រាវ រកសំឡេងនិងការសុន្ទនាររបស់អ្នកនយោបាយ ដើម្បីបង្ហាញការពិតជូនសាធារណៈជនឲ្យបានដឹង មុននឹងជឿតាម ឬសម្រេចចិត្តអ្វីមួយ។ វាជាការសន្ទនាឯកជនក៏ពិតមែន ក៏ប៉ុន្តែវាជាផែនការដែលពាក់ព័ន្ធជោគវាសនាប្រទេសជាតិ ដែលគ្រប់គ្នាគួរដឹង និងត្រូវតែដឹងឲ្យច្បាស់ពីសារជាតិរបស់អ្នកនយោបាយ ដែលមានមហិច្ឆតាចង់ឡើងកាន់អំណាច។ យើងមិនអាចបណ្តោយឲ្យភាពពិសពុល បំផ្លាញជោគវាសនាជាតិ និងប្រជាជនបានជាដាច់ខាត។
តាមរយៈការបែកធ្លាយសំឡេងនិងសារសន្ទនា យើងអាចវាយតម្លៃបាននូវសារវតាពិត និងការវិវត្តន៍ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិដូចតទៅ៖
ទី១៖ ការលាលែងតំណែងរបស់លោក សម រង្ស៊ី គឺគ្មានអ្វីទាក់ទងនឹងការសង្គ្រោះគណបក្សទាល់តែសោះ ក៏ប៉ុន្តែគឺមកពី «ការបែកធ្លាយសំឡេង សម រង្ស៊ី សន្ទនាររឿងរួមភេទជាមួយនារីផល» តាមរយៈហ្វេសបុក សីហា នេះតែម្តង។ ការបែកធ្លាយនេះគឺជាការបង្កើតភាពក្តៅក្រហាយក្នុងគ្រួសារផ្ទាល់ របស់លោក សម រង្ស៊ី ក៏ដូចជាបង្កើតភាពអាម៉ាស់បំផុតក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិដែលបង្ខំឲ្យលោក សម រង្ស៊ី ត្រូវតែសម្រេចចិត្តទាន់ហន់រត់ ចោលបក្សសង្គ្រោះជាតិ និងបញ្ចប់ជីវិតនយោបាយរបស់ខ្លួន។ កត្តានេះក៏បានបន្ថែមឱកាសឲ្យ កឹម សុខា ដែលកំពុងរៀបចំសេនារីយោពីក្រោយខ្នង ដើម្បីលេបបក្សនេះផងដែរ។
ទី២៖ មនុស្សនៅក្នុងបក្សសង្គ្រោះជាតិ មិនតិចជាង៣០% ជាមនុស្សបង្កប់របស់ សម្តេច ហ៊ុន សែន។ ពួកគេពិតជាបានយកយោបល់ និងទទួលបានការជ្រោមជ្រែងពីសម្តេច ហ៊ុន សែន ដែលរួមទាំងមេបក្សឡើងថ្មីនេះផង។
ទី៣៖ ដូច្នេះ លោក កឹម សុខា នឹងមិនអាចលេបបក្សសង្គ្រោះជាតិទាំងមូលបានទេ បើគ្មានជំនួយពីមេទេវតា គឺសម្តេចតេជោ ហ៊ុន សែន។ វាគ្មានហេតុផលដែល កង្កែប អាចលេបពស់ថ្លាន់បាននោះទេ បើទេវតា មិនជញ្ច្រាំពស់ថ្លាន់ឲ្យហ្មត់ហើយបោះឲ្យកង្កែបអាច់គោឆីនោះ!
ទី៤៖ តាមរយៈសំឡេងសុន្ទនាជាង២០នាទី ដែលបែកធ្លាយ ផ្ទៀងផ្ទាត់ជាមួយ នឹងសកម្មភាពលោក កឹម សុខា និងនៅក្នុងហ្វេសបុក គាត់គឺស្របគ្នាណាស់។ សំណួរសាមញ្ញៗ៖ បើគ្មានជំនួយពីមេទេវតា លោក កឹម សុខា មិនហ៊ានចេញសារទះកំភ្លៀង សម រង្ស៊ី ទេ!? បើគ្មានជំនួយពីមេទេវតា លោក កឹម សុខា មិនហ៊ានចេញពីបន្ទប់៤ម៉ែត្រ៤ជ្រុង ទៅចុះឈ្មោះបោះឆ្នោតនោះទេ!? បើគ្មានជំនួយពីមេទេវតា លោក កឹម សុខា ក៏មិនបានទទួលការលើកលែងទោសបានដែរ!? បើគ្មានជំនួយពីមេទេវតា លោក សម រង្ស៊ី គ្មានលេសឯណាបោះបង់តំណែងប្រធានបក្ស យ៉ាងទាន់ហន់ ទុកឲ្យលោក កឹម សុខា ដណ្តើមយកដោយងាយបែននេះ!?
អ្នកនយោបាយប្រជាភិថុត និងសកម្មជនផ្កាប់មុខ គេស្លៀកពាក់ស្អាតបាត សំដែងល្ខោននយោបាយប្រជាធិបតេយ្យក្លែងក្លាយ ស្ពិនភ្នែក ភូតផង បន្លំផង ដើម្បីបោកប្រាស់ប្រជាជន។ ក៏ប៉ុន្តែសីហា បានចូលដល់ក្នុងបន្ទប់ស្តាប់ និងមើលពួកអ្នកនយោបាយអស់នេះស្រាតខោ...និងហែកហួរដណ្តើមអំណាច គ្នានៅផ្ទៃក្នុងបក្ស។ វោហាសាស្ត្រ «ដូរ ឬមិនដូរ» ឥឡូវនេះដូរបានហើយ គឺដូរពី សម រង្ស៊ី មក កឹម សុខា។
លើការជាក់ស្តែង ទោះបីជាលោក កឹម សុខា ក្លាយជាប្រធានបក្សប្រឆាំងថ្មី តែគាត់គ្មានសមត្ថភាពនយោបាយតទល់ជាមួយ សម្តេច ហ៊ុន សែន បានទេ គឺមិនអាចជាដាច់ខាត។ នៅពីក្រោយខ្នងអាចធ្វើក្រអឺតក្រទមឌឺដង ក៏ប៉ុន្តែដល់តែនៅទល់មុខជួបផ្ទាល់ សម្តេច ហ៊ុន សែន នោះអាចយល់បានថា ឥរិយាបទលោក កឹម សុខា ដូចឆ្មារលាកទឹកក្តៅ ឬក្អាត់ក្នុងក្អមប៉ុណ្ណោះ។
សម្តេច ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយ មានគុណបំណាច់ធំធេង និងមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅណាស់ចំពោះជាតិនិងប្រជាជន។ ការសណ្តោសរបស់ សម្តេច ហ៊ុន សែន ក៏ធំធេងណាស់។ អ្នកប្រមាថនិងអ្នកប្រឆាំង សម្តេច ហ៊ុន សែន បន្ទាប់ពី ប៉ុល ពត គឺ សម រង្ស៊ី នេះឯងតែ ពួកគេរលាយអស់ហើយ។
សម្តេច ហ៊ុន សែន បញ្ជាក់ច្បាស់ហើយ គាត់គ្មានបំណងរំលាយបក្សសង្គ្រោះជាតិទេ។ ដូច្នេះយើងសង្ឃឹមថា លោក កឹម សុខា នឹងមិនដើរតាមគន្លង អ្នកប្រឆាំងមុនៗនោះទេ ផ្ទុយទៅវិញនឹងស្ម័គ្ររួមជាមួយសម្តេច ហ៊ុន សែន ក្នុងន័យស្ថាបនានិងការបំពេញឲ្យទស្សនៈវិស័យវែងឆ្ងាយដ៏ពិសិដ្ឋ ដើម្បីអនាគតដ៏ប្រសើររបស់ជាតិមាតុភូមិ!៕
ដោយ៖ ស្រី ស