(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីអបអរសាទរខួបលើទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ដើម្បីអប់រំផ្សព្វផ្សាយខ្លឹមសារនៃទិវានេះ និងណែនាំពីការអនុវត្តការងារនានា ជូនដល់កងរាជអាវុធហត្ថ និងគ្រួសារពួកគាត់ផងដែរ។

កម្មវិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា នេះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ-នាយរង និងពលអាវុធហត្ថ ចំនួន៨៧នាក់ ព្រមទាំងក្រុមគ្រួសារអាវុធហត្ថចំនួន ២៨នាក់។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានថ្លែងថា ការចូលរួមរបស់កងរាជអាវុធហត្ថ ក្នុងទិវាអន្តរជាតិនារី ៨មីនា​នេះ បញ្ជាក់ឲ្យឃើញ ពីទឹកចិត្ត គោរពស្រលាញ់ ដ៏ជ្រាលជ្រៅ ពុំអាចកាត់ថ្លៃបាន ពីលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ ដែលតែងតែព្រួយបារម្ភទៅលើជីវភាព សុខភាព ចំពោះក្រុមគ្រួសាររបស់នាយ-នាយរង និងពលអាវុធហត្ថទាំងអស់ ដោយការយកចិត្តទុកដាក់ និងមិនរើសអើង តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។
   
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានឲ្យដឹងថា ការប្រារព្ធពិធីអបអរសារទរខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា នាថ្ងៃនេះថា ដោយមានការផ្ដួចផ្ដើមពី លោកនាយឧត្ដមសេនីយ៍ សៅ សុខា ក៏ដូចជាការយកចិត្តទុកដាក់ ពីរូបលោកផ្ទាល់ និងលោកមេបញ្ជាការរងទាំងអស់ ចំពោះក្រុមគ្រួសារ ក៏ដូចជានាយ-នាយរង និងពលអាវុធហត្ថទាំងអស់។

លោកឧត្ដមសេនីយ៍ត្រី បានផ្ដាំផ្ញើឲ្យគ្រួសារអាវុធហត្ថទាំងអស់ ត្រូវចេះថែរក្សាគ្នាអស់មួយជីវិត ព្រោះការបាក់បែកគ្រួសារ នាំឲ្យជួបបញ្ហាប្រឈមជាច្រើន ដូចជា ប៉ះពាល់លើជីវភាពគ្រួសារ ជាពិសេសធ្វើឲ្យកូនៗមានបញ្ហាសតិអារម្មណ៍។

លោកស្រីវរសនីយ៍ត្រី ថោ ច័ន្ទថា បានឡើងអានខ្លឹមសារ ប្រវត្តិតស៊ូមតិរបស់នារី ក្នុងការទាមទារសិទ្ធិស្មើនឹងបុរស ហើយក៏មានការឡើងប្ដេជ្ញាចិត្ត ក្នុងការថែរក្សាកិត្តិយសសិទ្ធិនារី ស្មើភាពនឹងបុរស ដោយកញ្ញាព្រិន្ទបាលឯកមន្នី សុណា ផងដែរ។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មីផងដែរ ក្រោយពីផ្សព្វផ្សាយរួចមក លោកឧត្ដមសេនីយ៍ បានប្រគល់រង្វាន់ដល់គ្រួសារអាវុធហត្ថ និងអាវុធហត្ថនារីចំនួន ៤៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ក្រម៉ា១ និងថវិកា១០ម៉ឺនរៀល៕