(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយសារសម្លេងសន្ទនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិ, ដោយនៅថ្ងៃនេះមន្រ្តីសកម្មជនដ៏សំខាន់ម្នាក់របស់គណបក្សប្រឆាំងប្រចាំខេត្តប៉ៃលិន បានដាក់លិខិតលាលែងពីបក្សដោយអះអាងថា លោក កឹម សុខា និងសម្តេចតេជោ ហ៊ុន សែន ជាមនុស្សតែមួយ។ នេះបើយោងតាមលិខិតលាលែងរបស់លោក សួង សុភ័ណ្ឌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីមន្រ្តីបក្សប្រឆាំងមួយរូបសុំមិនញ្ចេញឈ្មោះ។
លិខិតរបស់លោក សួង សុភ័ណ្ឌ ជាអតីតប្រធានក្រុមការងារ និងជាអតីតបេក្ខជនតំណាងរាស្រ្តប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានយុវជនគ្រប់ជាន់ថ្នាក់របស់គណបក្ស សម រង្ស៊ី និងជាសមាជិកបក្ស បានសរសេរបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «សំណើសុំលាលែងពីគណបក្សសង្រ្គោះជាតិ, ដោយមូលហេតុ ខ្ញុំតាមដាន និងសង្កេតដោយផ្អែកលើភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា និងលោក ហ៊ុន សែន ជាមនុស្សតែមួយ។ លោក កឹម សុខា ធ្វើការតាមបញ្ជារបស់លោក ហ៊ុន សែន ដោយរៀបចំផែនការបំបែកលោក សម រង្ស៊ី ឲ្យចេញក្រៅសង្វៀននយោបាយនៅកម្ពុជា ដែលលោកជាអ្នកនយោបាយសេ្នហាជាតិ មាតុភូមិពិតប្រាកដ»។
លោក សួង សុភ័ណ្ឌ បញ្ជាក់នៅលិខិតលាលែងនេះថា «ចាប់ពីពេលនះតទៅ ខ្ញុំមិនស្ថិតនៅក្នុងគណបក្សសង្រ្គោះជាតិទៀតទេ»។
មន្រ្តីគណបក្សគណបក្សសង្រ្គោះជាតិ ដែលបានផ្ញើលិខិតមកនេះ ព្រមទាំងបាននិយាយប្រាប់ឲ្យដឹងបន្ថែមថា៖ ក្រោយពីបែកធ្លាយសម្លេង ពិភាក្សាគ្នារវាងលោក កឹម សុខា ជាមួយសម្តេចតេជោ ហ៊ុន សែន មកនោះ, នៅពេលនេះមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនធំ មានការអាក់អន់ចិត្ត និងស្រងាកចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់លោក កឹម សុខា ដែលបានរៀបចំផែនការកំចាត់លោក សម រង្ស៊ី ចេញ ដើម្បីដណ្តើមយកកៅអីមេបក្ស តាមការណែនាំរបស់ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជំរាបថា សារសម្លេងសន្ទនាដ៏សម្ងាត់បំផុតរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក កឹម សុខា ត្រូវបានបែកធ្លាយនៅព្រលប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ តាមរយៈបណ្តាញសង្គមហ្វេសបុកឈ្មោះសីហា, បន្ទាប់ពីគណបក្សសង្រ្គោះជាតិចេញលិខិតបដិសេធ ចំពោះសារបែកធ្លាយកាលពី ម្សិលមិញរវាងនាយកខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជាមួយតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងលោក កឹម សុខា។
នៅក្នុងសារសម្លេងសន្ទនាដ៏សំខាន់នេះមានរយៈពេលជាង២០នាទី ដែលលោក កឹម សុខា លួចទំនាក់ទំនងចរចាយ៉ាងសម្ងាត់ជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនោះ គឺដើម្បីរៀបចំផែនការកំចាត់លោក សម រង្ស៊ី ចេញពីបក្ស ហើយលោក កឹម សុខា ខ្លួនឯង ឡើងជំនួសវិញ។ ក្រៅពីរៀបចំផែនការដណ្តើមបក្ស, លោក កឹម សុខា ក៏បានស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរួចផុតពីការចោទ ប្រកាន់ទោសនៅតុលាការ ព្រមទាំងសុំការឯកភាពពីសម្តេចបានទៅចុះឈ្មោះបោះឆ្នោតផងដែរ៕