(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយ រាជរដ្ឋាភិបាលម្ពុជា ការពារឲ្យបាននូវសុខសន្តិភាពរបស់ប្រទេស កុំជឿលើបក្សមួយចំនួន ដើរឃោសនាគ្មានការពិត ដែលនាំឲ្យមានការបំផ្លាញសុខ សន្តិភាពរបស់ប្រទេស។
ការអំពាវនាវរបស់លោកបណ្ឌិត ពេជ សោភ័ន យ៉ាងដូច្នេះធ្វើឡើង ក្នុងឱកាសដែលលោក អញ្ជើញចូលរួមអធិបតី ក្នុងពីធីសម្ពោធសាលាសំណាក់ និងឆ្លងសមិទ្ធផលនានា ស្ថិតនៅភូមិកំពែងធំ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានការចូលរួមពីសំណាក់ ប្រជាពលរដ្ឋជាច្រើនរយនាក់។
លោកបណ្ឌិត ពេជ សោភ័ន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា កម្ពុជាមានសុខសន្តិភាព ដោយសារសម្តេចតេជោ ហ៊ុន សែន ដែលបាននាំប្រទេស រកឃើញសុខសន្តិភាព ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួម ថែរក្សាសុខសន្តិភាពទាំងអស់គ្នា កុំជឿលើបក្សមួយចំនួន ដែលដើរលាបពណ៌បង្កឲ្យ អសន្តិសុខ ក៏ដូចជាប្រទេសមួយចំនួន ដែលព្យាយាមលូកដៃចូល បំបែកបំបាក់ផ្ទៃក្នុងកម្ពុជា។
លើសពីនេះទៅទៀតនោះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដំឡើងប្រាក់ខែជូនកម្មករ-កម្មការិនី និងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ ឲ្យកើនឡើងជាលំដាប់ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ពួកគាត់។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម និងបេឡាជាតិ សម្រាប់មន្ត្រីរាជការថែមទៀត។
លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគាំទ្របេក្ខភាពមេឃុំ ក្រុមប្រឹក្សារបស់គណបក្សប្រជាជន ដែលនឹងត្រូវបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ។ លើកពីនេះ លោករដ្ឋលេខាធិការ ក៏បានពន្យល់ជូនប្រជាពលរដ្ឋ អំពីបញ្ហាមីក្រូហិរញ្ញវត្ថុ ដោយបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា មែនជារបស់រដ្ឋនោះទេ កុំឲ្យបងប្អូនយល់ច្រឡំទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត ពេជ សោភ័ន ក៏បានថ្លែងអំណរគុណដល់ ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកំពែង ដែលលោក ប៉ុក ប៉ាន់ ជាប្រធានក្រុមការងារចុះជួយឃុំកំពែង និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកដែលបានចុះជួយក្នុងឃុំកំពែង ពិសេសក្នុងភូមិកំពែងធំ ដែលបានកសាងសមិទ្ធផលជាច្រើនដូចជាស្រះទឹក ផ្លូវ សាលាសំណាក់ ជាដើម។
សូមជម្រាបថា គិតពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ទាំងក្រុមការងារថ្នាក់ជាតិ ក្រុមការងារថ្នាក់កណ្តាល និងក្រុមការងារថ្នាក់ស្រុក ឃុំ រួមទាំងសម្បុរធម៌ទាំងអស់ បានចូលរួមកសាងសមទ្ធិផលនានា ក្នុងភូមិកំពែងធំ អស់ទឹកប្រាក់មិនតិចជាង១០ម៉ឺនដុល្លារនោះទេ៕