(កណ្តាល)៖ ក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្មមួយ បានស្នើសុំស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយចូលរួម ទប់ស្កាត់ជនខិលខូចដែលមាន បំណងទិញលក់ដីរដ្ឋ បន្ទាប់ពីក្រុមហ៊ុននេះ ទទួលបាននូវគោលការណ៍ពី រាជរដ្ឋាភិបាលក្នុងការអនុវត្តដាំដុះដំណាំ ស្រូវលើផ្ទៃដីទំហំ៩៨០ហិកតា ដែលជាដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ គឺក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បានខិតខំព្យាយាម ក្នុងការអនុវត្តតាមគោលការណ៍ តាមលិខិតលេខ ០៨៩ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ យ៉ាងខ្ជាប់ខ្ជួន។
លោក តាំង សុខឃី ជំនួយការក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បានថ្លែងឱ្យដឹង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ថា យោងតាមលិខិតលេខ ០៨៩របស់រាជរដ្ឋាភិបាល លោកឧបនាយក រដ្ឋមន្រ្តី យឹម ឆៃលី និងលោករដ្ឋមន្រ្តីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាន ប្រកាស ប្រគល់សិទ្ធិពេញលេញជូនក្រុមហ៊ុន ចាប់ផ្តើមបង្កបង្កើនផលស្រូវ ចាប់តាំងពីថ្ងៃទី ០៧ខែ កុម្ភៈឆ្នាំ ២០១៧ ដោយក្រុមហ៊ុន បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពជា ដោយកំណត់យកវិស័យកសិកម្មជាអាទិភាព និងជាយុទ្ធសាស្ត្រក្នុងការចូលរួមជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ប៉ុន្តែន្តែរហូតមកទល់បច្ចុប្បន្ នក្រុមហ៊ុនបានជួបប្រទះ នូវផលលំបាកមួយចំនួនពី សំណាក់ជនខិលខូច ដែលព្យាយាមរៀបចំ វាស់វែងដីរដ្ឋក្នុងតំបន់នេះដើម្បីយកទៅ លក់យ៉ាងអនាធិបតេយ្យ ។
ជាក់ស្តែងកាលពីថ្ងៃ ២៧ ខែ កុម្ភៈ កន្លងទៅថ្មីៗនេះ មានក្រុមជនខិលខូចចំនួន០៣នាក់ ចូលមកតំបន់អភិវឌ្ឍ ក្នុងចេតនាទុច្ចរិត វាស់វែងផ្ទៃដីក្នុងតំបន់អភិវឌ្ឍន៍នេះ ដើម្បីយកទៅលក់ តែក៏ត្រូវបានក្រុមការងារ ក្រុមហ៊ុនធ្វើការឃាត់ខ្លួន រួចរាយការណ៍ ទៅសមត្ថកិច្ចស្រុកមុខកំពូល។
បន្ទាប់មកប៉ូលិសស្រុកមុខកំពូល បាននាំទៅសាកសួរតាមនីតិវិធី ជាមួយនឹងវត្ថុតាង ១៖ ត្រាមូលរបស់សាលាឃុំ សំបួរមាស០១ ,២៖ ត្រាឈ្មោះណែម យ៉ង់ ជាមេឃុំសំបួរមាស០១ , ៣៖ត្រាឈ្មោះជិន សំអាត ជាមេភូមិអន្លុងស្លែង០១ , ៤៖តាំប៉ុង០២ ពណ៌ក្រហម០១ ពណ៌ខៀវ០១ , ៥៖ ជីភីអេស០១, ៦៖ឯកសារ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី, ៧៖ ឯកសារ កិច្ចសន្យាព្រមព្រៀងលក់ទិញដី, ៨៖ ឯកសារ កិច្ចសន្យា ទិញលក់ មិនកែប្រែ, ៩៖ អត្តសញ្ញាណប័ណ្ណហ្វូតូ០២សន្លឹក របស់ឈ្មោះទិត្យ សម្បត្តិ និងឈ្មោះម៉ី វ៉ាន់, ១០៖ប្លង់ដី០៣ច្បាប់និង សម្ភារៈមួយចំនួន ទៀត ។ ភូមិអន្លុងស្លែង ឃុំសំបួរមាស (សព្វថ្ងៃកាត់ចូលទៅភូមិកំពង់អុស ឃុំកំពង់អុសស្រុកពញាឮ ខេត្តកណ្ដាល។
ក្រោយការសាកសួរនៅអធិការដ្ឋានប៉ូលិសស្រុកសមត្ថកិច្ចបានសម្រេចបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ញាន កែម ក្នុងចំណោមទាំង៣នាក់នោះទៅកាន់តុលាការ ពីបទក្លែងត្រា ។
ជាមួយគ្នានេះ លោកតាំង សុខ ឃី បានបញ្ជាក់ថា ក្នុងនាមក្រុមហ៊ុនដែលបានគោល ការណ៍អភិវឌ្ឍន៍ដីសម្បទាន សេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ដែលជាអ្នកជួលដីពីរដ្ឋ គឺក្រុមហ៊ុនតែងតែការពារនូវដីរបស់រដ្ឋ ទប់ស្កាត់ជនខិលខូចដែលមានបំណង វាស់វែងទិញលក់ដីរបស់រដ្ឋក្នុង តំបន់នេះជាដាច់ខាត ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ដែលជាក្រសួងសាមី តំណាង្យរដ្ឋជួយមានវិធានការណ៍ និងជួយទប់ស្កាត់ឱ្យខាងតែ បាននូវក្រុមជនខិលខូច ដែលតែងតែចិញ្ចឹមចិត្តចង់បានដីរដ្ឋ ក្នុងតំបន់សម្បទានសេដ្ឋកិច្ចធ្វើជាកម្មសិទ្ធផ្តាច់មុខនោះ ៕