(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន ១,២០០នាក់ ទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេនវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សកម្មភាពមនុស្សធម៌ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋខាងលើ បានធ្វើឡើងក្រោមវត្តមាន លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងឃុំដីឥដ្ឋ លោក នូ សុវណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យស្ម័គ្រ ស.ស.យ.ក និងមានការចូលរួមពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន១៥០នាក់ រួមជាមួយប្រជាពលរដ្ឋមកពិនិត្យជំងឺ ជាង១ពាន់នាក់ទៀត។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងទៅកាន់ប្រជាពលរដ្ឋ យ៉ាងដូច្នេះថា បញ្ហាសុខភាពជាកត្តាសំខាន់ណាស់ ដែលទាំងអស់គ្នាត្រូវតែ យកចិត្តទុកដាក់ខ្ពស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ «អ្វីដែលសំខាន់ សូមក្រុមគ្រួសារទាំងអស់ ត្រូវរស់នៅមានអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ទើបមានសុខភាពល្អ ចៀសបានពីជំងឺដង្កាត់ផ្សេងៗ មិនធ្វើឲ្យប៉ះពាល់ដល់ សុខភាពរបស់បងប្អូន»។
លោក ម៉ក ពេជ្ជរិទ្ធ បានបន្តថា ប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា មានន័យថា ប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពរបស់។
លោកបានណែនាំឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន លើការបរិភោគម្ហូបអាហា បន្លែ ផ្លែឈើ ត្រូវជ្រើសរើសយកបន្លែផ្លែឈើណា ដែលពុំមានដាក់សារធាតុគីមី ពោលគឺការពារប្រសើរជាងព្យាបាល ព្រោះថ្នាំគ្រាប់ និងថ្នាំចាក់នេះ គឺជាអាវុធមុខពីរ ព្យាបាលត្រូវជំងឺមួយតែខុសជំងឺមួយទៀត ដូច្នេះ ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយការរស់នៅមានអនាម័យ៕