(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ នាព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០១៧ បានថ្លែងថា ក្រុមប្រជាការពារជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិឃុំរបស់យើង ហើយកម្លាំងនេះក៏ជាសេនាធិការរបស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន។
ជាមួយគ្នានេះសកម្មជនយុវជនបក្សទាំង១៥០នាក់ក្នុងឃុំភ្នំសំពៅ បានប្តេជ្ញាចុះធ្វើសកម្មភាពចលនាឲ្យប្រជាពលរដ្ឋបោះឆ្នោតជូន CPP វាយយកឈ្នះដាច់ ខណៈអណត្តិមុន បាន៨លើ៩អសនៈ សម្រាប់ក្រុមប្រឹក្សាឃុំ។
លោក ហែម ថេង បានថ្លែងទៅកាន់កងកម្លាំងប្រជាការពារទាំង៤២នាក់ថា បន្ទាប់ពីយើងបានធ្វើកិច្ចការជាច្រើន សម្រាប់ឃុំភ្នំសំពៅកន្លងមក យើងក៏បានបង្កើតកម្លាំង ប្រជាការពារបានចំនួន៤៣នាក់ ដោយបានបំពាក់ឯកសណ្ឋានត្រឹមត្រូវ សម្រាប់ចូលរួម ការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំរបស់យើង។
លោកប្រធានបានបញ្ជាក់ថា កម្លាំងប្រជាការពារយើងត្រូវបំពេញតួនាទីរបស់ខ្លួនដូចជា៖ទី១ ប្រជាការពារគឺជាសេនាធិការរបស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ បានចូលបម្រើការងារដោយស្ម័គ្រចិត្ត សហការជាមួយកងកម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសបម្រើប្រជាពលរដ្ឋឲ្យបានល្អ ពេលមានករណីបទល្មើសផ្សេងៗកើតមានឡើង ប្រជាការពារត្រូវចុះទៅដល់ភ្លាមដើម្បីទប់ស្កាត់រួចរាយការណ៍ ឬ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ទី២ ប្រជាការពារគឺនៅជាប់ ជាមួយប្រជាពលរដ្ឋជាប្រចាំ ជួយដាស់តឿន អប់រំ ដល់ប្រជាពលរដ្ឋពីបញ្ហាផ្សេងៗ ពិសេសអប់រំដល់យុវជនឲ្យនៅឆ្ងាយពីគ្រឿងញៀន ទី៣ ប្រជាការពារត្រូវក្តាប់ឲ្យបានពីមុខសញ្ញាណាដែលបានកើតឡើងញឹកញាប់ជាងគេកន្លងមក ឬមុខសញ្ញាណាបម្រុងកើតមានឡើងត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ប្រជាការពារយើងត្រូវមានសាមគ្គីផ្ទៃក្នុងល្អ បម្រើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការអ្វីឡើយ។ ថ្ងៃនេះយើងមានប្រជាការពារតែ៤នាក់ក្នុងភូមិទេ តែយើងនិងបង្កើតឲ្យបាន១០នាក់ ក្នុង១ភូមិស្មើនិង១០០នាក់ មាន១០ភូមិក្នុងឃុំបន្ថែម នៅពេលក្រោយទៀតព្រមទាំង បានចែកអង្រឹងម្នាក់១និងថវិកា ម្នាក់៣ម៉ឺនរៀល។
បន្ទាប់មកលោកប្រធានបានជួបសំណេះសំណាល ជាមួយសកម្មជន យុវជនបក្សឃុំទាំង១៥០នាក់ ដោយបានបញ្ជាក់ពីប្រវត្តិ នៃសង្រ្គាមស៊ីវិលនៅកម្ពុជាច្រើនជំនាន់គួរប្អូនៗយុវជនជំនាន់ក្រោយចងចាំនិងជៀសវាង និងត្រូវដឹងថា អ្នកដឹកនាំណាជាអ្នកបង្កើតសង្រ្គាម និងអ្នកដឹកនាំណាជាបញ្ចប់សង្រ្គាមនៅកម្ពុជា ? ដល់យុវជនបានយល់កាន់ច្បាស់។
ដើម្បីឆ្លើយតបទៅថ្នាក់ដឹកនាំបច្ចុប្បន្ន យុវជនបក្សទាំងអស់បានប្តេជ្ញាចិត្ត ចុះធ្វើសកម្មភាពចលនាជាមួយប្រជាពលរដ្ឋឲ្យ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសបោះឆ្នោតក្រុមប្រឹក្សាឃុំភ្នំសំពៅយកឈ្នះឲ្យដាច់តែម្តង ខណៈអណត្តិមុនឈ្នះបានអសនៈ៨លើ៩។
ពិធីសំណេះសំណាលនោះដែរ ប្រធានក្រុមការងារបានផ្តល់នូវសម្លៀលបំពាក់បាល់ទាត់សម្រាប់បុរស់១ក្រុម និងធ្វើតារាងបាល់បោះ សម្រាប់នារី១នៅក្នុងទីស្នាក់ការបក្សឃុំ និងចេញថវិកាជួលធុងបាស់រាំឲ្យយុវជនយប់នេះ១យប់ និងថ្ងៃចូលឆ្នាំខ្មែរខាងមុខចំនួន៣យប់ ឧត្ថមស្រាបៀជូន៣០កែស ជូនថវិកាដល់យុវជន១៥០នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀល និងបេក្ខភាពក្រុមប្រឹក្សាឃុំ៤៥នាក់ម្នាក់ៗ ទទួលបាន៥ម៉ឺនរៀលផងដែរ៕