(ភ្នំពេញ)៖ វីរសិល្បករល្ខោនខោលជើងចាស់ រហស្សនាមស្តេចស្វាស លោកតាព្រឹទ្ធាចារ្យ យិត សារិន បានទទួលមរណភាព នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ នៅគេហដ្ឋានលោក ស្ថិតនៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ក្នុងជន្មាយុ៩៣ឆ្នាំ។

លោក សារិន វឌ្ឍនៈ កូនប្រុសរបស់លោកតា យិត សារិន បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នេះថា លោកតា យិត សារិន បានទទួលមរណភាព នៅវេលាម៉ោងជិត១០យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជំងឺក្រិនថ្លើម។

លោកបន្តថា បច្ចុប្បន្នសពលោកតា យិត សារិន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោកផ្ទាល់​ ស្ថិតនៅតំបន់បឹងប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយនឹងត្រូវបូជានៅថ្ងៃចន្ទ ទី០៦ ខែមីនាស្អែកនេះ ក្នុងសាលាភូមិន្ទវិចិត្រសិល្បៈ-បឹងប៉ាយ៉ាប។

លោក វឌ្ឍនៈ​ បន្ថែមថា ពេលនេះមានសិស្សល្ខោនខោលជាច្រើននាក់បានមកចូលរួមក្នុងពិធិបុណ្យសព្វ ប៉ុន្តែមិនទាន់ឃើញ​មានវត្តមានសិល្បករ-សិល្បការិនីនៅឡើយទេ។

សូមជម្រាបថា វីរសិល្បករល្ខោនខោល ព្រឹទ្ធាចារ្យ យិន សារិន បានចូលប្រលូកក្នុងវិស័យសិល្បល្ខោនខោល ជាច្រើនទស្សវត្សន៍​មកហើយ ពោលគឺតាំពីឆ្នាំ១៩៧៩ មកម៉្លេះ៕