(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ដឹកនាំក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យរដ្ឋ ក្នុងរាជធានីភ្នំពេញ ចុះមកពិនិត្យ និងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋប្រមាណ ១,០០០នាក់ ដែលរស់នៅក្នុងខណ្ឌសែនសុខ ដោយឥតគិតថ្លែ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែង «នៅថ្ងៃនេះ ក្រុមគ្រូពេទ្យយើង បានចុះមកពិនិត្យ និងព្យាបាលជំងឺដល់បងប្អូន ប្រជាពលរដ្ឋយើង ដែររស់នៅក្នុងខណ្ឌសែនសុខ ដោយឥតគិតថ្លៃ ព្រមទាំងមកដល់ផ្ទះ ឬនៅក្បែរផ្ទះរបស់ បងប្អូនតែម្ដង ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ឲ្យបានកាន់តែ ប្រសើរ ដូច្នេះសូមមកទទួលយកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែល្អថែមទៀត ពេលដែលយើងមកពិនិត្យព្យាបាល នៅក្រោយទៀត»

រដ្ឋមន្ដ្រីបន្ដថា «សូមប្រជាពលរដ្ឋយើងទាំងអស់ ដែលមានសុខភាពមិនល្អ ឬកើតជំងឺផ្សេងៗ សូមមកទទួល សេវាព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋយើងទាំងអស់ ដែលនៅជិតលោកអ្នក ព្រោះយើងជាគ្រួសារតែមួយទេ ឈឺស្កាត់អ្វីក៏ដោយ ក្រុមគ្រូពេទ្យរបស់យើង នឹងពិនិត្យព្យាបាលដោយយកចិត្ដទុកដាក់ជាទីបំផុត ដោយមិនទុក ប្រជាពលរដ្ឋយើងចោលទេ យើងនឹងមានការថែទាំត្រឹមត្រូវ  តាមដានពិនិត្យសុខភាពជូន បងប្អូនយ៉ាងល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបពិនិត្យ ជំងឺគ្រប់ប្រភេទ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋយើង»

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនៗរបស់ខ្លួនញៀនគ្រឿងញៀន សូមកុំទុកកូនចោលឲ្យសោះ ត្រូវយកកូនមកពិនិត្យព្យាបាលជំងឺនេះ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ​ឯកជន មណ្ឌលសុខភាព និងតាមមណ្ឌលបន្សាបគ្រឿងញៀន ដែលមានទីតាំងនៅជិតផ្ទះរបស់ពួកគាត់ឲ្យបានគ្រប់ៗគ្នា ព្រោះគ្រូពេទ្យរបស់យើង នឹងចាំព្យាបាល និងផ្ដល់ប្រឹក្សាដល់ពួកគាត់គ្រប់ពេលវេលា។

ព្រមជាមួយគ្នានោះ លោក ប៊ុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌ​សែន​សុខ «ក៏អំពាវនាវផងដែរទៅដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលមានកូនញៀនគ្រឿងញៀន សូមនាំកូនមកព្យាបាលមក សូមកុំខ្មាសអៀន កុំទុកគាត់ចោល ឬបណ្ដោយតាមគាត់ ត្រូវលួងលោមគាត់ ឲ្យមកពិនិត្យ និងព្យាបាលដើម្បីបន្សាបគ្រឿងញៀននេះ ចេញឲ្យអស់ ពិសេសពួកគាត់ដែលញៀននោះ គឺមិនត្រូវបានជួបទោសទណ្ឌអ្វីនោះទេ សូមកុំបារម្មណ៍ គឺយើងនឹងខិតខំប្រឹងប្រែង ព្យាបាលគាត់ឲ្យជាសះស្បើយវិញ និងមានការងារធ្វើថែមទៀតផង ជាមួយនឹងវិធីសាស្រ្ដ ព្យាបាលរបស់មន្ទីរពេទ្យ និងស្ថាប័នពាក់ព័ន្ធ ហើយបើមានកិច្ចការអ្វីពិសេស បងប្អូនក្នុងខណ្ឌសែនសុខទាំងអស់ អាចទាក់ទងមកខ្ញុំផ្ទាល់ផងដែរ»

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យ ដែលចុះពិនិត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋ នៅថ្ងៃទី០៥មីនានេះ មានគ្រូពេទ្យមកពីមន្ទីរពេទ្យ មិត្ដភាព-ខ្មែរសូវៀត, មន្ទីរពេ្យ ព្រះកុសុមៈ, មន្ទីរពេទ្យព្រះអង្គដួង និងក្រុមគ្រូពេទ្យ នៃសាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺ ជាច្រើនមុខដល់ប្រជាពលរដ្ឋយើង ដោយរួមមានជំងឺសួត ភ្នែក ពិនិត្យផ្ទៃពោះ(អេកូ) ធ្មេញ  ជំងឺរោគស្ដ្រី ជំងឺព្យាបាលដោយចលនា និងជំងឺទូទៅផ្សេងៗទៀត ពិសេសជាគេគឺជំងឺសួត ដែលម៉ាស៊ីនពិនិត្យសួត មកដល់ផ្ទះប្រជាពលរដ្ឋតែម្ដង ហើយម៉ាស៊ីននោះពិសេសណាស់ ដោយគ្រាន់តែថតភ្លាម វាភ្ជាប់ទៅនឹងកុំព្យូទ័រភ្លាម ដើម្បីដឹងលទ្ធផលនៅការពិនិត្យនោះភ្លាម ដោយមិនបាច់លាងហ្វិល ហើយយកទៅពិនិត្យតាមក្រោយទៀតនោះទេ៕