(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី១០៦ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព» ក្នុងគោលបំណងរំលេចនូវខ្លឹមសារ តម្លៃនៃសន្តិភាព និងអប់រំអំពីការលើកកម្ពស់វប្បធម៌អហិង្សា។

ខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ដ៏មហោឡាឮកនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧
ដែលមានការចូលរួមពី សមាជិក-សមាជិកាកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសៀមរាប ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ អង្គការជាតិ-អន្តរជាតិ ជាច្រើនាក់។

លោកអភិបាលខេត្ត ឃឹម ប៊ុនសុង បានឲ្យដឹងថា បច្ចុប្បន្ន ស្ត្រីបានចូលរួមក្នុងការងារធ្វើឲ្យប្រាក់កម្រៃ មានការកើនឡើង ហើយស្រ្តីមួយចំនួនធំត្រូវបានបញ្ចូលទៅក្នុងខ្សែសង្វាក់ផលិតកម្ម ក្នុងនាមជាម្ចាស់សហគ្រិន អ្នកគ្រប់គ្រង និងអ្នកផលិត។ សមាគមសហគ្រិនស្រ្តីខ្នាតតូច ខ្នាតមធ្យម នៅកម្ពុជា ដែលប្រកបអាជីវកម្ម មានប្រមាណ២៧មុខរបរ ដែលកំពុងដំណើរការ យ៉ាងសកម្ម និងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស នីតិវិធី នៃការធ្វើអាជីវកម្ម និងព័ត៌មានវិទ្យា ជំរុញឱ្យស្ត្រីទទួលបានឱកាសការងារ និងសហគ្រិនភាព។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់កម្មករនិយោជិត តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា ជារៀងរាល់ឆ្នាំ និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត រួមទាំងការផ្តល់របបសន្តិសុខសង្គម និងការបញ្ចុះ តម្លៃទឹក ភ្លើង ព្រមទាំងតម្លៃឈ្នួលផ្ទះ។

លោកបណ្ឌិត ឃឹម ប៊ុនសុង បានបន្តថា ការប្រារព្ធពិធីនេះឡើង នាថ្ងៃនេះ ដើម្បីរំលឹកនូវការខិតខំប្រឹងប្រែង តស៊ូយ៉ាង ស្វិតស្វាញ ក្នុងការជម្នះរាល់ឧបសគ្គ ដែលរំាងស្ទះ និងដើម្បីធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ ឋានៈ តួនាទី និងជីវភាពរស់នៅរបស់ស្ត្រីកម្ពុជា ក៏ដូចជាស្រ្តីនៅទូទាំងសកលលោក ឲ្យមានការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម។
 
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគាំទ្រ និងជំរុញដល់គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ។

លោកបានរំលឹកថា ភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងដោយសកម្ម និងបុរេសកម្មឥតឈប់ឈរ កន្លងមក កម្ពុជាសម្រេចនូវ គោលដៅអភិវឌ្ឍន៍សហសវត្សសំខាន់ៗ ជាច្រើនដែលបានដាក់ចេញកាលពី ១៥ឆ្នាំមុន និងបេ្តជ្ញាចិត្តឈានទៅអនុវត្ តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់រយៈពេល ១៥ឆ្នាំ ទៅមុខទៀត ដើម្បីបង្កើននូវលក្ខខណ្ឌសមធម៌ និងការទទួលស្គាល់សមភាពរវាងស្ត្រី និងបុរស នៅគ្រប់ទិដ្ឋភាព ទាំងវិស័យនយោបាយសេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងសិទ្ធិ និងការចូលរួមចំណែកដោយស្មើភាព និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលខេត្ត បានគំាទ្រប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨មីនាឆ្នាំនេះ ដែលបានលើកឡើងថា «ស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព» ក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល បាននិងកំពុងគំាទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន ទំាងបុរស និងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ និងតួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាដោយសន្តិវិធី៕