(ភ្នំពេញ)៖ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ាតុងអន្ដរជាតិ-ព្រះសីហនុ លើកទី៦ នាព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ បានបញ្ចប់ហើយ ដោយកីឡាករកម្ពុជា ម៉ា វីរ៉ូ គ្រងជើងឯកផ្នែកបុរស នៃការរត់ចម្ងាយ ២១គីឡូម៉ែត្រជាមួយការប្រើថេរវេលា ១ម៉ោង ២១នាទី និង ៣៩វិនាទី ខណៈលេខ២ បានទៅកីឡាករអាមេរិក Brendon Thomas ប្រើថេរវេលា ១ម៉ោង ២៥នាទី និង ២៩វិនាទី និងលេខ៣ បានទៅកីឡាករអូស្ដ្រាលី James Happell ប្រើថេរវេលា ១ម៉ោង ២៧នាទី និង ៥៥វិនាទី ។
ចំណែកផ្នែកនារីលើវិញ្ញាសារត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ លេខ១ បានទៅកីឡាការិនី Lois Weodward ប្រើថេរវេលា ១ម៉ោង ៤៤នាទី និង ៥៣វិនាទី, លេខ២ កីឡាការិនី Hillary Snyder ប្រើថេរវេលា ១ម៉ោង ៤៤នាទី និង ៥៤វិនាទី និងលេខ៣ បានទៅកីឡាការិនី Sara Bawdem ប្រើថេរវេលា ១ម៉ោង ៥២នាទី និង ៥៦វិនាទី ។ រីឯរត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកបុរសលេខ១ បានទៅកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ប្រើថេរវេលា ៣៨នាទី និង ៤០វិនាទី ខណៈផ្នែកនារីលេខ១ បានទៅកីឡាការិនីកម្ពុជា ហេង ម៉េងជូ ប្រើថេរវេលា ៤៩នាទី ០៣វិនាទី និង៦០ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ទិវារត់ប្រណាំងពាក់កណ្ដាល ម៉ាតុងអន្ដរជាតិ-ព្រះសីហនុឆ្នាំនេះ ទទួលបានអ្នកចូលរួមប្រមាណ ២,២០០នាក់ ក្នុងនោះមានបរទេសជាង ២០០នាក់ ដែលចំនួននេះប្រហាក់ប្រហែលនឹងឆ្នាំមុន ។ ប៉ុន្ដែអ្វីដែលជាផ្លែផ្កាបរទេសចូលរួមឆ្នាំនេះ បានស្ងើចសរសេរ និងភ្ញាក់ផ្អើល ចំពោះហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដ៏ស្រស់ស្អាតតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ហើយថែមទាំងផ្ដល់នូវសេវាកម្មផ្សេងៗ កាន់តែល្អប្រសើរ ។
តាមរយៈការរៀបចំឆ្នាំនេះ លោករំពឹងថា ចាប់ពីឆ្នាំក្រោយទៅ ចំនួនអ្នកចូលរួមនឹងកាន់តែកើនឡើង ពិសេសគឺភ្ញៀវបរទេស ។ តែអ្វីយ៉ាងណាលោកនៅតែព្រួយបារម្ភ ជុំវិញមធ្យោបាយធ្វើដំណើរហោះហើរត្រង់ពីបរទេស ប៉ុន្ដែក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមជាមេបាររៀបចំព្រឹត្តិការណ៍នេះ បានប្ដេជ្ញារិះរកគ្រប់វិធី ដើម្បីផ្ដល់ភាពងាយ ជូនភ្ញៀវបរទេស ដើម្បីបានចូលរួមទិវារត់ប្រណាំង ពាក់កណ្ដាលម៉ាតុង អន្ដរជាតិ-ព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ។ លោក វ៉ាត់ ចំរើន បន្ថែម ។
គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺមាន ៣សំខាន់ៗ ទី១៖ គឺរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិបន្ថែម ។ ទី២៖ ផ្សព្វផ្សាយអំពីការថែរក្សាបរិស្ថានស្អាតនៅតំបន់ឆ្នេរ ពិសេសឆ្នេរសមុទ្រកម្ពុជា ដែលបានក្លាយជាសមាជិកក្លឹបឆ្នេរស្អាតលើពិភពលោក និងទី៣ គឺការរៀបចំលក្ខណៈសប្បុរសធម៌៕