(កំពង់ចាម)៖ អំពូលភ្លើងសូឡា ឬអំពូលដើរដោយពន្លឺព្រះអាទិត្យ ចំនួន ១២០ឈុត ដែលជាអំណោយសប្បុរសជន និងថវិកាចំនួន ២,៤០០,០០០រៀល ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ខេត្តកំពង់ចាម រួមជាមួយក្រុមការងារចុះជួយឃុំខ្វិតធំ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ ក្រីក្រចំនួន ១២០គ្រួសារ ស្ថិតនៅក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧។
លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋអំពីគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការតស៊ូរំដោះ ប្រជាជន និងប្រទេសជាតិ ពីរបបវាលពិឃាតដែលបានបំផ្លិចបំផ្លាញអ្វីៗគ្រប់បែបយ៉ាង និងកាប់សម្លាប់ប្រជាជន គ្មានត្រាប្រណី។ លោករដ្ឋមន្ត្រី ក៏បានលើកយកពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសម្រេចបាន។
«កម្ពុជាទទួលបានទទួលការរីកចម្រើនស្ទើរគ្រប់វិស័យ។ កំណើនសេដ្ឋកិច្ចជាមធ្យម ៧% ហើយអត្រានៃភាពក្រីក្របានធ្លាក់ចុះនៅត្រឹមតែ ១១.៥% ក្នុងឆ្នាំ២០១៥។ កម្ពុជាត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រសិទ្ធនាមថាជា «ខ្លាថ្មីនៅអាស៊ី» ខណៈដែលធនាគារពិភពលោក បានចាត់ថ្នាក់កម្ពុជាពី «ប្រាក់មានចំណូលទាប» ទៅជាប្រទេសមាន «ប្រាក់ចំណូលមធ្យមកម្រិតទាប»។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់។
«តាមរយៈសកម្មភាពសប្បុរសធម៌ និងការផ្សារភ្ជាប់ជាមួយប្រជាជននៅមូលដ្ឋាន ខ្ញុំជឿជាក់ថា ក្រុមការងារចុះជួយឃុំខ្វិតធំ នឹងបន្តជួយដោះស្រាយការលំបាកបងប្អូនជានិច្ច គឺមិនដើរសន្យាខ្យល់ ដូចសកម្មជនគណបក្សដ៏ទៃឡើយ»។ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែម។
នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ក្រុមការងារចុះជួយភូមិ ឃុំ ក្នុងស្រុកព្រៃឈរទាំងអស់ បន្តសកម្មភាពចុះជួបជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងស្វែងយល់ពីទុក្ខលំបាក និងដោះបញ្ហាប្រឈមនានា ដើម្បីទាក់ទាញទំនុកចិត្ត និងបង្កភាពកក់ក្តៅជូនបងប្អូននៅតាមមូលដ្ឋាន ក្នុងការកសាងជីវភាព និងចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាល៕