(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាមតូប និងស្វែងរកទំនិញណា ដែលមានសារធាតុគីមី ព្រមទាំងបិទស្លាកសញ្ញាផ្សព្វផ្សាយ ដល់អ្នកលក់នៅផ្សារព្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្ត បានបិទស្លាកសញ្ញាផលិតផល ម្ហូបអាហារ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យយល់ដឹង ជារៀងរាល់ខែ និងជាពិសេស បន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញផុតកាលបរិច្ឆេទប្រើប្រាស់ ដែលដាក់តាំងលក់នៅតាមទីផ្សារនានា ទូទាំងខេត្តប៉ៃលិន ជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីដកហូតទំនិញខូចគុណភាពទាំងនោះ យកទៅកម្ទិចចោល និងកុំឲ្យលក់នៅតាមទីផ្សារ ដែលធ្វើឲ្យហូរចូលដល់ប្រជាពលរដ្ឋ ដែលទិញយកទៅប្រើប្រាស់ និងបរិភោគដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញណា ដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាត ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ឲ្យសោះ ព្រោះធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ អាជីវករទាំងអស់ មុននឹងទិញទំនិញយកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូល ចុះពិនិត្យឃើញហួសកំណត់ និងដកហូត ដែលនាំឲ្យខាតបង់ថវិកាគ្រូសាររបស់អាជីវករ និងខាតបង់ពេលវេលា។
លោកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយល់ដឹងមុននឹងទិញទៅប្រើប្រាស់ និងបរិភោគចេះមើលទំនិញ ដែលខូចគុណភាព ហួសសុពលភាព។
ចំពោះអាជីវករណា មិនធ្វើតាមការណែនាំរបស់សាខាកាំត្រូលខេត្ត នៅតែបន្តយកទំនិញខូចគុណភាព មកលក់ទៀតនោះ សាខាកាំកុងត្រូលនឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅតាមមាត្រា១៦ និងមាត្រា៦៣ ដោយផ្តន្ទាទោសពី ១ខែ ទៅ១ឆ្នាំ។
ក្នុងពេលចុះពិនិត្យទំនិញ កម្លាំងកាំកុងត្រូលខេត្ត បានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករ ដើម្បីយកទៅកម្ទេចចោល រួមមាន៖ កម្ទិចមី ២៨កញ្ចប់ធំ នំស្រួយ៥កញ្ចប់ធំ មីកំប៉ុង១១៧កំប៉ុង ទឹកក្រូចដបជ័រ៤៤ដប ទឹកដោះគោជូរ៧ដប ទឹកដោះគោឆៅ៣កំប៉ុង ម្សៅទឹកដោះគោ២កំប៉ុង ទឹកផ្លែឈើ៨កំប៉ុង ទឹកម្ទេស៧ដប៕