(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីធំមួយ ក្រោមប្រធានបទរំលេចអត្ថន័យ «សប្បុរសធម៌ ដើម្បីបរិស្ថាន និងទេសចរណ៍» ក្រោមវត្តមាន លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, អមដោយវត្តមានរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
តន្ត្រីសប្បុរសធម៌ ដើម្បីបរិស្ថាន និងទេសចរណ៍នេះ ប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៧
ដែលមានការចូលរួមពី ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន រួមនិងមហាជនចូលរួមទស្សនាប្រមាណ ជាង២,០០០នាក់។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានឲ្យដឹងថា គោលបំណងសំខាន់ នៃការប្រគុំតន្ត្រីនេះ គឺដើម្បីកៀរគរមូលនិធិ សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ និងការងារគ្រប់គ្រងបរិស្ថាន តាមរយៈការសម្តែងសិល្បអប់រំ បំផុសចលនាមហាជន ឱ្យចូលរួមក្នុងសកម្មភាពគាំពារបរិស្ថាន អភិរក្សជីវចម្រុះ និងការរស់នៅស្អាត ក្នុងទិសដៅលើកកម្ពស់ការយល់ដឹង អំពីគុណតម្លៃនៃបរិស្ថាន ឈានទៅផ្លាស់ប្តូរផ្នត់គំនិត និងប្រែក្លាយឥរិយាបថពលរដ្ឋ ឱ្យមានទម្លាប់ល្អចំពោះបរិស្ថាន។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានឲ្យដឹងដែរថា ការប្រគំតន្ត្រីដែលមានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនីជាតិ និងជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងបវរកញ្ញាខ្មែរ-អាមេរិក នាពេលនេះ គឺជាការរួមគ្នាបំផុសស្មារតីប្រជាជាតិ នៅទូទាំងសកលលោក ឱ្យបន្តចូលរួមចំណែកលើកកម្ពស់គុណភាពបរិស្ថាន ធានារក្សាឱ្យបាននូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដីទាំងមូល។
ជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីប្រែក្លាយចំណេះដឹងបរិស្ថាន ឱ្យទៅជាការប្រតិបត្តិបរិស្ថាន គឺទាមទារឱ្យយើងទាំងអស់គ្នា អនុវត្តឱ្យបាននូវកម្មវិធី «អារាមមេត្រូបរិស្ថាន និងសាលាមេត្រីបរិស្ថាន» ដែលត្រូវអនុវត្តនៅតាមទីវត្តអារាម និងគ្រឹះស្ថានសិក្សានានា ដោយទន្ទឹមនឹងនេះ លោកស្រីបានជំរុញឱ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា ត្រូវបន្តពង្រឹង និងពង្រីកកម្មវិធីអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព ដើម្បីបញ្ជ្រាបចំណេះដឹងបរិស្ថាន និងលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងចលនាប្រឡងប្រណាំងសកម្មភាពមេត្រីភាពបរិស្ថាន៕